ភ្នំពេញ៖ រឿងអាស្រូវស្នេហារបស់តារាសម្តែង និងម៉ូដែលកញ្ញា សូរ អេណា ដែលចោទថានាងដណ្តើមប្តីគេនោះ ក៏បានសាយភាយធ្លាយទៅដល់អ្នកស្រី ផាន សម្ផស្ស ជាម្តាយរបស់អ្នកនាង សារ៉ាយ សក្ខណា ថាជាអ្នកដឹកញីប្រស៊ីឈ្មោល។ ក្រៅពីការច្រានចោលការចោទប្រកាន់ជំនួសម្តាយ សារ៉ាយ សក្កណា បានធានានឹងអះអាងថាម្តាយនាងមិនប្រព្រឹត្តិដូចការចោទប្រកាន់ទេហើយនាងហ៊ានយកកិត្តិយសដែលនាងសាងជាច្រើនឆ្នាំមកធានា។
ទោះបីជាជាពាក្យជេរប្រមាថទៅកាន់ពិធីការិនីទូរទស្សន៍ ប៉ុស្តិ៍ CTV 8 HD កញ្ញា សូរ អេណា បានស្ងប់ស្ងាត់ក្តីក៏ពាក្យចោទប្រកាន់មកលើម្តាយតារាសម្តែងស្រីល្បីឈ្មោះអ្នកនាងសារ៉ាយ សក្កណា នៅមិនទាន់ជ្រះស្រឡះនៅឡើយ។ បន្ថែមលើពាក្យពេចន៍ហែកកេរ្តិ៍ នាង សូរ អេណា នោះ ហ្វេសប៊ុក Marie Young ក៏បានបង្ហាញពីរូបថត អ្នកស្រីសម្ផស្ស ជាម្តាយ អ្នកនាង សារ៉ាយ សក្ខណា ថៅកែហាងស៊ុបថាជាអ្នកដឹកញីបន្ស៊ីឈ្មោល ឲ្យនាង សូរ អេណា និងបុរសជាប្តីគេនោះ ។
អ្នកស្រី ផាន សម្ផស្ស ក៏បានច្រានចោលការចោទប្រកាន់នេះ ថាជាការនិយាយបំផ្លើសនូវការពិត។ អ្នកស្រីថា អ្នកស្រីមិនប្រព្រឹត្តអំពើបែបថោកទាបនេះ ហើយអ្នកស្រីក៏ ដូចជាមិនសូវយល់ដឹងពីរឿងហ្វេសប៊ុកស្អីច្រើននោះដែរ។ អ្នកស្រីថា រឿងទទួលភ្ញៀវ គឺជាភារកិច្ចរបស់អ្នកស្រីដែលជាម្ចាស់ហាង ដែលបើករបរបម្រើអាហារនេះស្រាប់ ហើយអ្នកស្រីស្វាគមន៍ និងរាក់ទាក់គ្រប់តែភ្ញៀវនឹងណា។ ឯក្មួយ សូរ អេណា នោះវិញអ្នកស្រីគ្រាន់តែស្គាល់នាងថាជាតារាស្រីដូចជាក្មេងៗតារាផ្សេងៗដទៃដែរ ហើយត្រង់គេហៅអ្នកស្រីថាម៉ាក់នោះ គឺក្មេងៗប្រុសស្រីជាតារាតែងតែហៅបែបនេះ ព្រោះពួកគេក៏មានវ័យអាចចាត់ទុកជាកូនអ្នកស្រីដែរ។ អ្នកស្រីថា រឿងចោទប្រកាន់នេះ មានការប៉ះពាល់ដល់កិត្តិយសហើយក៏មិនចង់ធ្វើអ្វីដោយភាពតក់ក្រហល់ដោះស្រាយបញ្ហា ទើបបានជាអ្នកស្រី ត្រូវសាកសួរផ្ទាល់ជាមួយនឹងអ្នកចោទនោះសិន។
បន្ថែមលើសម្តីម្តាយ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាងសារ៉ាយ សក្កណា បញ្ជាក់ថា នាងមិនចង់ឲ្យរឿងនេះកាន់តែវែងឆ្ងាយទេ ប៉ុន្តែអ្វីដែលនាងចង់បញ្ជាក់គឺម្តាយនាងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ នាងថា ម្តាយនាងដើរតាមនាងចាប់តាំងពីនាងចូលសិល្បៈមកហើយអ្នកសិល្បៈជាច្រើន និងអ្នកក្រៅរង្វង់សិល្បៈមួយចំនួនសុទ្ធតែដឹងថានាងនិងម្តាយជាមនុស្សប្រភេទណា។ នាងថា ប្រសិនបើម្តាយនាងជាម៉ែយ៉ែមមែនម្ល៉េះមិនសមឲ្យម្តាយប្រឹងប្រែងលក់ដូរមិនស្គាល់យប់ថ្ងៃនោះទេ។ នាងបន្តថា កិត្តិយសពិតជាសំខាន់សម្រាប់នាងនិងគ្រួសារ ហើយនាងសុខចិត្តយកកិត្តិយសខ្លួនមកធានាអះអាងថា ម្តាយនាងមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ នាងថា មុខមាត់នាងប៉ុណ្ណឹងដែរ ហេតុអីឲ្យម្តាយទៅប្រព្រឹត្តិនិងប្រកបការងារបែបហ្នឹង។
នាងរំពឹងថា ទស្សនិកជននឹងជឿជាក់លើភាពស្អាតស្អំរបស់នាងនិងម្តាយ។ ទោះជាយ៉ាងណានាងនិងក្រុមគ្រួសារក៏មានបំណងចង់ឲ្យស្ត្រីដែលចោទប្រកាន់ចេញមុខនិយាយតទល់គ្នា ដើម្បីជៀសវាងការចោទប្រកាន់ ឬការយល់ខុសណាមួយមកលើម្តាយនាង៕
ដោយ៖ វឌ្ឍនា