ភាពជាម្ចាស់រឹងមាំរបស់សហគមន៍អាចជួយបង្កើនជីវភាពមូលដ្ឋាននិងការពារធនធានធម្មជាតិភាពឱ្យគង់វង្សបាន

ចែករំលែក៖

ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើដល់ការចូលរួមរបស់មន្រ្តីបរិស្ថានគ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែន ដើម នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះគឺជាបង្ហាញពីផ្នត់គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ដយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ«បៃតង» មានគោលដៅពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ។ លោកបណ្ឌិត អ៊ាង សុផល្លែត  បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា « នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និងកូនឈើចម្រុះកើនឡើង ពី ២ ទៅ៣ លានដើម»ចែកជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដល់វិធានការ៤ចំណុច ដែលស្នើឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ចូលរួម អនុវត្តច្បាប់ទាំងឡាយពាក់ព័ន្ធវិស័យបរិស្ថាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ បានដាក់ចេញ កាលពីពេលកន្លងមកនេះ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់  មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តគាំទ្រ ផ្តល់សេវាដល់សហគមន៍ ដែលត្រូវការ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់ធនធានធម្មជាតិ និងផ្តល់ភាពជាម្ចាស់ដល់សហគមន៍។ 

សូមបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ការពារធម្មជាតិ» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ មកពីទូទាំងប្រទេស។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដើម្បីជួយដល់សហគមន៍តំបន់ការពារធម្មជាតិដូចខាងក្រោម៖

១-ជំរុញឱ្យអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបន្តតាមដាន និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ នៅក្នុងតំបន់ការពារធម្មជាតិ ទាំងនោះត្រូវគោរពច្បាប់ជាធរមាន

២-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងឡាយណា ដែលមិនទទួលបានការឯកភាពពី ប្រជាសហគមន៍ក្នុងតំបន់នោះ ត្រូវបិទបញ្ចប់ជាបន្ទាន់

៣-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលបានអនុញ្ញាតិឱ្យដំណើរការ ត្រូវតែជួយបណ្តុះបណ្តាល ជំនាញ និងពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ ដើម្បីផ្តល់ឱកាសនៅពេលអនាគត សហគមន៍អាចធ្វើភាពជាម្ចាស់បាន

៤-ជំរុញបន្ថែមដល់ការបង្កើតនូវសក្តានុពលសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ ជាសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងជាសហគមន៍អធ្យាក្រឹតកាបូននៅឆ្នាំ២០៥០។

និង៥-បន្តអនុវត្តច្បាប់១០០% ប្រឆាំងបទល្មើសធនធានធម្មជាតិ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print