សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នូវ៖
១.១- សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
១.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ច ព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
១.៣- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់។

២- អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យ ប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បំពេញបន្ថែមនូវ សកម្មភាពការងាររបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នាពេលខាងមុខ។

៣- អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖
១. លោក រ៉ូហ្វី អូស្មាន អាយុ ៣៥ ឆ្នាំ

២. លោក ឡុង ប៊ុន្នី អាយុ ៥៤ ឆ្នាំ

៣. លោក គិត ទ្រី អាយុ ៥៥ ឆ្នាំ ។

៤- អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយមាន របៀបវារៈដូចខាងក្រោម៖

៤.១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
៤.២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី២ និងលើកទី៣ នីតិកាលទី៧។
៤.៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ហ៊ឺ វីរៈ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ជំនួស សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលទទួលមរណភាព។ ៤.៤- ការបោះឆ្នោតជ្រើសតាំង លោក អ៊ុត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់ អាណត្តិទី៣ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។

៤.៥- ការពិភាក្សា និងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
៤.៦- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់ យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការ ទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ។
៤.៧- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print