រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»

ចែករំលែក៖

ភ្នំពេញ​៖​ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ» នេះជាការលើករបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកា«អាកាសធាតុ ឆ្នាំ២០២៤ » នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អង្គការជាដៃគូជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍តំបន់ការពារធម្មជាតិសរុបប្រមាណ ៥០០នាក់។

លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជាមិនមែនជាប្រទេសដែលធ្វើឱ្យប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែរកំពុងតែទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពមនុស្ស សត្វ រុក្ខជាតិ និង ភពផែនដីរបស់យើង ដូច្នេះ អ្វីដែលយើងត្រូវទាំងអស់ត្រូវរួមគ្នា អនុវត្តវិធានការ កាត់បន្ថយ និងការសម្របខ្លួនការកសាង ភាពធន់ នឹងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុតាមរយៈការចូលរួម និងអនុវត្តក្នុងវិស័យទាំង៦ ដែលចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺ ឧស្សាហកម្ម ថាមពល កសិកម្ម គ្រប់គ្រងសំនល់( ការបំពុលដោយសារធាតុគីមី )ការប្រើប្រាស់ជីវចម្រុះ។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ ក្នុងក្របខណ្ឌជាតិក្រសួងបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ដោយផ្តោតលើ«ភាពស្អាត បៃតង និងចីរភាព» នៅក្នុងនោះភាពស្អាត មាន៣ គឺស្អាតលើមេឃ លើដី និងក្នុងទឹក។ ជាក់ស្តែង ភាពស្អាតលើដី ក្រសួងបានដាក់ចេញនូវយុទ្ធនាការ« ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ទទួលបានការគាំទ្រពីសាធារណជនទូទាំងប្រទេសប្រមាណ៩លាន៦សែននាក់ និងយុទ្ធនាការ« កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានការចូលរួមពីសាធារណជន ជាពិសេសសិស្សានុសិស្សប្រមាណ ៣លាននាក់។

...

នៅក្នុងក្របខណ្ឌអន្តរជាតិ យើងបានដាក់ចេញនៅយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និង នៅក្នុងកិច្ចប្រជុំមហានុតំបន់មេគង្គដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពី ពេលថ្មីៗនេះក៏បាន អនុម័តនូវក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ និង សេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ(GMS) ជាពិសេសក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិUN ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ កាលពីឆ្នាំ២០២៣ កម្ពុជាបានប្តេជ្ញាចិត្ត ចំនួន៧ចំនុចសំខាន់ៗ រួមមាន៖
១. លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LPGវិញ។
២. អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។
៣. បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយនៅឆ្នាំ២០៣០ ដែលបច្ចុប្បន្នយើងមានប្រមាណ៦២%រួចមកហើយ ក្នុងនោះ៤០%បានមកពីថាមពលវ៉ារីអគ្គិសនី
៤. យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹង និងរាវ ។
៥. យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជម្រុញជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
៦. បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
៧. បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print