កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើនក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកើនឡើងចំពោះសុខុមាលភាពរបស់មនុស្ស និងភពផែនដីដែលមានសុខភាពល្អ។

លោកបណ្ឌិត អ៊ាង សុផ្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានថ្លែងថា សកម្មភាពរបស់មនុស្សកំពុងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ រួមទាំងរលកកំដៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតសកល គឺអនុវត្តវិធានការកាត់បន្ថយ និងបន្ស៊ាំ កសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តហិរញ្ញវត្ថុអាកាសធាតុចំនួន១០០ ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។
លោកបណ្ឌិត អ៊ាង សុផ្លែត មានប្រសាសន៍ថា ការជួបជុំរបស់យើងនៅថ្ងៃនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងក្រសួង វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ពិសេសរបស់កម្ពុជា ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ដោយការកើនឡើងសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅទូទាំងវិស័យភាគច្រើន។
លោករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានធ្វើការងារជាច្រើន ក្នុងការកំណត់គោលនយោបាយប្រែប្រួលអាកាសធាតុ និងទទួលស្គាល់ពីភាពបន្ទាន់នៃការចាត់វិធានការអាកាសធាតុ។ជាក់ស្តែងនៅក្នុងសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) កម្ពុជាបានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន៥មានជាដូចជា៖ ១. សម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរស្បៀងអាហារ, ២. សេចក្តីប្រកាសស្តីពីអាកាសធាតុ និងសុខភាព, ៣. សេចក្តីប្រកាសស្តីពីការសង្គ្រោះអាកាសធាតុ ការស្តារឡើងវិញ និងសន្តិភាព, ៤. សេចក្តីប្រកាសស្តីពីកសិកម្ម ស្បៀងអាហារ និងអាកាសធាតុ, និង៥. ការសន្យាត្រជាក់សកល។ ជាមួយគ្នានេះ កម្ពុជាក៏បានដាក់ជំហរប្រទេសទៅកាន់ COP28 ដែលបញ្ជាក់ពីគោលដៅមហិច្ឆតាទាំង៧របស់ខ្លួន ដើម្បីសម្រេចបានទាំងវិធានការកាត់បន្ថយ និងយុទ្ធសាស្រ្តបន្ស៊ាំទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំនេះ វាគ្មិនជាង២០ក្រុមពិភាក្សា បានជជែកបង្ហាញពីប្រធានបទសំខាន់ៗដូចជា៖ ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបាន ពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួម របស់កម្ពុជាក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤(CCCS24) ដែលបានរៀបចំឡើងនៅខេត្តព្រះសីហនុ មានគោលបំណង ពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន នៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូល កំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩(COP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print