ខេត្តមណ្ឌលគិរី ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតឱ្យប្រជាពលរដ្ឋចូលរួមក្នុងដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន្តដើម្បីមើលឃើញពីការអភិវឌ្ឍពិតប្រាកដនៅតំបន់ទាំងនោះដើម្បីកុំឱ្យគេបំផុសបំភិតបំភ័យបាន។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមក ប្រជាពលរដ្ឋមួយចំនួនដែលមិនធ្លាប់បានទៅខេត្តភាគឦសាន្ត យល់ថា ខេត្តទាំងនោះ គ្មានការរីកចម្រើន មានតែសត្វដំរី ខ្លា ជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ខេត្តទាំងនោះមានការរីកចម្រើន និងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់រឹងមាំផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោបាយវិនិយោគនៅខេត្តភាគឦសាន្តបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍនៅទីនោះផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «តាមពិតអ្នកដែលខ្លាចបាត់ខេត្តមណ្ឌលគិរី មិនមែនអ្នកមណ្ឌលគិរី ទេ អ្នកដែលរស់នៅឆ្ងាយពីព្រោះអ្នកមណ្ឌលគិរី គេឃើញខេត្តរបស់គេ គឺឃើញការគ្រប់គ្រង ប៉ុន្តែ អ្នកនៅកាន់តែឆ្ងាយ ភ័យកាន់តែខ្លាំង លឺគេបំផុស អ៊ឹចឹងកុំឱ្យមានបញ្ហា នៅក្នុងការសាមគ្គី ការឯកភាព ការមន្ទិលសង្ស័យ កុំឱ្យពិបាក។ អ្នកនយោបាយខ្លះនៅបន្តអុចអាល់អ៊ឹចឹង ហានបបួលបងប្អូនយើងនៅក្រៅប្រទេសធ្វើបាតុកម្មរបស់រហូត»។
សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា តាមពិតកម្ពុជា នឹងត្រូវជាធ្វើម្ចាស់ផ្ទះនូវកិច្ចប្រជុំ CLV-DTA នៅខែធ្នូ ឆ្នាំ២០២៤ ប៉ុន្ដែដោយសារកម្ពុជា សម្រេចបញ្ចប់នូវកិច្ចសហប្រតិបត្តិការ CLV-DTA នេះ ទើបមិនមានប្រជុំបែបនេះទេ។ ការបញ្ចប់កិច្ចសហប្រតិបត្តិការនេះ ដើម្បីបញ្ចប់ភាពហ្មងសៅរវាងប្រជាជន និងប្រជាជន។ ជាពិសេស ការដុតបំពេញបន្ថែម ពីក្រុមប្រឆាំងជ្រុលនិយម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល មិនដែលមានគំនិតលក់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឱ្យបរទេសឡើយ។ ការអ្នកនយោបាយនៅក្រៅប្រទេសនៅបន្តអុចអាលរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នឹងក្លាយជាការបែកបាក់ផ្ទៃក្នុងជាតិ បង្កើតការភាន់ច្រឡំរវាងខ្មែរ និងខ្មែរ។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា គ្រានោះក្រុមប្រឆាំងដែលដើរអុចអាល់ប្រជាពលរដ្ឋខ្មែរ ធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលចំពោះគម្រោងអភិវឌ្ឍន៍ត្រីកោណ គឺបានអង្គុយក្នុងសភា គ្រានោះគឺអតីតគណបក្ស សម រង្ស៉ី និងក្រោយមក អតីតគណបក្សសង្គ្រោះជាតិ ហើយពេលរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះ ហេតុអ្វីមិនសើររើនៅពេលនោះ ជាពិសេសមានតំណាងរាស្ត្រមកពីតំណាងគណបក្សប្រឆាំងបានចូលរួមក្នុងកិកច្ចប្រជុំ CLV នេះទៀត៕