លោក វ៉ី សំណាង អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមកីឡាករអុំទូក របស់រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ អមដំណើរដោយ លោកនាយករដ្ឋបាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូក របស់រដ្ឋបាលខេត្តតាកែវ ដែលកំពុងតែហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតពិធីប្រណាំងទូក ដែលរៀបចំដោយរដ្ឋបាលខេត្ត នៅដើមខែវិច្ឆិកា ខាងមុខនេះ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំនេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំងទូកនៅបរិវេណបឹងតាកែវ ស្ថិតក្នុងដូនកែវ ដែលមានទូកប្រមាណ ៤៧ទូក និង កីឡាករចំនួនជាង៦០០នាក់ចូលរួម ដើម្បីបង្ករភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងបង្ហាញពីប្រទេសជាតិមានសុខសន្ដិភាពពេញលេញក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេននាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ សាមគី្គគ្នាជាក្រុម ពិសេសគ្រូបង្វឹកត្រូវបង្ហាត់បង្រៀនបច្ចេកទេសក្នុងការអុំឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានជ័យជំនះនាថ្ងៃប្រណាំងខាងមុខនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តតាកែវ នឹងរៀបចំពិធីប្រណាំងទូក នៅបរិវេណបឹងតាកែវ ដែលស្ថិតក្នុងក្រុងដូនកែវ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានតាំងពីបុរាណកាលមក។ ក្រៅពីការប្រណាំងទូក ក៏មានការប្រគុំតន្រ្តី ការសម្ដែងសិល្បៈបុរាណ ការតាំងពិព័ណ៍ផលិតផល ម្ហូបអាហារ ភូមិមួយផលិតផលមួយ និងការបាញ់កាំជ្រួចនាពេលយប់ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print