ជនបរទេសបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខូចខាតអស់២កង់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាក HONGQI ១គ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់បែកអស់២កង់ ចំណែករថយន្តដាច់កង់ខាងឆ្វេង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតនៅហួសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ  ។

​    យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក HONGQI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AR-3311 បើកបរដោយជនជាតិចិន និងរួមដំណើរដោយជនជាតិចិនដូចគ្នាពី៤ទៅ៥នាក់ បានបើកបរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងល្បឿនលឿនពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុទល់មុខឱសថស្ថាន១កន្លែងរថយន្តខាងលើស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តបែកកង់ដាច់កាឡេរេចង្កូតទៅខាងមុខច្រកចេញចូលបុរីមួយកន្លែង ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវត្រូវបានរងការខូចខាតចំនួន២កង់ដោយមួយកង់ខ្ទាតជាង៥ម៉ែត្រ ។ នៅក្នុងហេតុការណ៍ខាងលើនេះមិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ។
​    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print