ខេត្តកំពង់ឆ្នាំង៖ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហ៊ានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្រោមការចូលរួមពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ ព្រមទាំងមានសិក្ខាកាមចំនួន៣០០នាក់ចូលរួមផងដែរ។
បន្ទាប់ពីលោក ឧត្តមសេនីយ៍ នាយកសាលារាយការណ៍រួចមក លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថ្លែងអំណរគុណនិងកោតសរសើរដល់គណៈកម្មការជ្រើសរើសទ័ពបំពេញក្របខណ្ឌ ដែលខិតខំជ្រើសរើសតាមបណ្តារាជធានី-ខេត្ត ស្របនឹងលក្ខខណ្ឌកំណត់របស់ក្រសួងការពារជាតិ ហើយមានភាពយុត្តិធម៌ តម្លាភាព មិនរើសអើង មិនមានគ្រួសារនិយមទេ គឺជ្រើសរើសចេញពីកូនខ្មែរសុទ្ធសាធគ្រប់ស្រទាប់វណ្ណៈ។
លោក នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ណែនាំក្នុងអង្គពិធីថា ក្នុងនាមជាយោធិននៃកងរាជអាវុធហត្ថត្រូវគោរពច្បាប់ លក្ខន្តិកៈ វិន័យ និងក្រមសីលធម៌ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសខ្ពស់ដូចតទៅ៖
១-ការលេងបណ្តាញសង្គមត្រូវឲ្យមានប្រយោជន៍ដល់ខ្លួនឯង គ្រួសារ អង្គភាព ជាពិសេសដល់សង្គមជាតិ។
២-មិនអាចបញ្ចេញមតិ ឬទស្សនៈជាសាធារណៈទេ ត្រូវសុំតាមឋានានុក្រម។
៣-ត្រូវរក្សាការសម្ងាត់កងទ័ព ការសម្ងាត់ប្រទេសជាតិ និងការសម្ងាត់វិជ្ជាជីវៈ។
៤-ត្រូវប្រុងប្រយ័ត្នក្នុងការនិយាយស្តី ហ្វឹកហាត់ត្រូវធានាសុវត្ថិភាពជាចំបង ជាពិសេសកាំភ្លើង គ្រាប់។
ជាចុងក្រោយ លោក នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់បណ្តាជំនាញនិងសាលាដូចខាងក្រោម៖
១-ការហ្វឹកហាត់ទាំងអស់ត្រូវធ្វើឲ្យដូចមែនទែន មានការប្រុងប្រយ័ត្ន ដោយសន្សឹមៗ កុំបង្ខំហួសហេតុ។
២-សាលាត្រូវយកចិត្តទុកដាក់ ការហូបចុក ស្លៀកពាក់ ការរស់នៅ សុខភាពរបស់សិក្ខាកាម។
៣-រៀបចំសកម្មភាពសប្បាយកំសាន្ត ដោយចាត់តាំងឲ្យមានការប្រឡងប្រណាំង ប្រកួតប្រជែង កីឡា សិល្បៈ ។ល។ ដើម្បីចូលរួមប្រកួតប្រជែតក្នុងកងយោធពលខេមរភូមិន្ទ។
៤-សាលាត្រូវរៀបចំការពារសន្តិសុខឲ្យបានល្អ និងរៀបចំបទបញ្ជាផ្ទៃក្នុងសាលា។
៥-ត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា តាមឋានានុក្រម។
ជាមួយគ្នានោះដែរ លោក នាយឧត្តមសេនីយ៍ បានឧបត្ថម្ភប្រាក់ហូបដល់សិក្ខាកាមទាំង៣០០នាក់និងអ្នកគ្រប់គ្រងលើគោលរបបដែលមានស្រាប់ឲ្យគ្រប់ ៨.០០០រៀលក្នុងមួយថ្ងៃ៕
ដោយ៖ ស ដារ៉ា