ភ្នំពេញ៖ តាំងពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាបានដាក់ចេញផែនការមេសម្រាប់ តម្រង់ទិសដល់សហព័ន្ធកីឡាជាតិទាំងអស់ដើរតាមមាគ៌ាតែមួយសំដៅយកមេដាយ ឲ្យបានច្រើនបំផុតក្នុងឋានៈខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនៅសល់ពេល ត្រឹមតែ៧ឆ្នាំទៀតប៉ុណ្ណោះក្នុងនោះវិញ្ញាសា កីឡាបេស្បលក៏អាចនឹងត្រូវដាក់បញ្ចូល ក្នុងបញ្ជីស៊ីហ្គេមផងដែរប្រសិនបើសហព័ន្ធនេះពង្រឹងខ្លួនបានល្អនោះ ។
លោក ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡា បេស្បលកម្ពុជាធ្លាប់មានប្រសាសន៍ថា នៅក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នោះកីឡាបេស្បលក៍ជាកីឡាមួយដែលកំពុងត្រៀមលក្ខណៈក្នុងការទទួលភ្ញៀវមកពីប្រទេសនៅក្នុងតំបន់អាស៊ានដែរក្នុងនាមជា ម្ចាស់ ផ្ទះ។ ដូច្នេះហើយដើម្បីឲ្យកីឡាករអាច មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត ប្រជែងដណ្តើមយកមេដាយពីដៃគូប្រកួតទាំងអស់នោះបានសហព័ន្ធបានដាក់ផែនការពង្រីកវិសាលភាពកីឡាបេស្បលទៅតាមបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជាដើម្បីសម្រួចកម្រិតបច្ចេកទេសឲ្យស្រប តាមបរិបទនៃការរីកចម្រើនលើវិស័យ កីឡាមួយនេះ ។
លោក ញ៉ែម ថាវី បានបន្តថា ដើម្បីអាចទាក់ទាញយុវជនបានកាន់តែច្រើនបន្ថែមទៀតនោះសហព័ន្ធមានគម្រោងកសាង ទីលានកីឡាបេស្បលថ្មីមួយស្របតាម ស្តង់ដារអន្តរជាតិនៅក្នុងវិទ្យាល័យបឹង ត្របែក ពីព្រោះទីតាំងនេះជួយសម្រួលដល់ អ្នកគាំទ្រអាចមានលទ្ធផលមកទស្សនាការប្រកួតជាលក្ខណៈជាតិនិងអន្តរជាតិបានយ៉ាងងាយស្រួល ។
គួររំលឹកថា កីឡាករបេស្បលកម្ពុជា ឈុតធំបាននិងកំពុងហ្វឹកហាត់នៅក្នុងជំរំខេត្តកំពង់ធំ ហើយក្រុមជម្រើសជាតិទាំង អស់នេះនឹងត្រូវបញ្ជូនមកបណ្តុះបណ្តាល បន្ថែមនៅតាមសាលារៀនដើម្បីអភិវឌ្ឍវិស័យ កីឡាមួយនេះឲ្យមានគុណភាពគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ៕
ដោយ៖ សារីម