ភ្នំពេញ៖ ទីតាំងហាងកាត់សក់យីហោ រស្មី ចាន់ធា មួយកន្លែងនៅតាមផ្លូវលេខ៦១ ជិតផ្សារធំថ្មី ដែលលួចបង្កប់សេវាបម្រើផ្លូវភេទ ត្រូវកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនស្ត្រីម៉ាស្សា១១នាក់ ក្នុងនោះថៅកែហាងស្រីម្នាក់ រួមនឹងដកហូតបានស្រោមអនាម័យប្រើរួច និងស្រោមអនាម័យមិនទាន់ប្រើមួយចំនួន យកទៅសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចហាងកាត់សក់និងម៉ាស្សាយីហោ រស្មី ចាន់ធា ផ្ទះលេខ១E០ តាមបណ្ដោយផ្លូវលេខ៦១ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងផងដែរថា ដោយមានការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចទទួលបានដំណឹងថានៅចំណុចហាងកាត់សក់និងម៉ាស្សាខាងលើនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានផ្ដល់ដំណឹងឲ្យដឹងថា ទីតាំងនេះបានលួចបង្កប់បម្រើសេវាផ្លូវភេទ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី៩ខែសីហានេះ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សំគោលការពីលោកព្រះរាជអាជ្ញាចុះមកបង្ក្រាបទីតាំងនេះជាក់ស្តែងតែម្ដង ។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលបានឃាត់ខ្លួននារីម៉ាស្សា១១នាក់ ក្នុងនោះមានថៅកែហាងស្រីម្នាក់ឈ្មោះចាន់ ធា អាយុ៤៤ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ហើយត្រូវបានកម្លាំងនគរបាលនាំយកទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីធ្វើការសាកសួរផងដែរ ។ ដោយឡែកទីតាំងនោះ ត្រូវបានសមត្ថកិច្ចបិទបណ្ដោះអាសន្ន និងចាត់ការតាមនីតិវិធី ៕
ដោយ៖ ស ដារ៉ា