ខេត្តកំពង់ស្ពឺ៖ រឿងដ៏ចម្លែកមួយបានកើតឡើង ដោយកូនប្រុសបង្កើតបាននាំបក្ខពួកមកធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ខ្លួនដើម្បីលួចយកម៉ូតូ ស្រាប់តែឪពុកភ្ញាក់ទាន់ប្រតាយប្រតប់ដណ្តើមយកម៉ូតូពីចោរ លោកកូន បង្កើតចិត្តដាច់ទាញកាំបិតកាប់ក្បាលឪពុកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍មិនធ្លាប់មាននេះបានកើតឡើងកាលពីវេលាម៉ោង០១និង១៥រំលងអធ្រាត្រឈានចូល ថៃ្ងទី២៦ ខែតុលា ឆ្នាំ២០២៤ នៅក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា មានករណីចោរចូលលួចម៉ូតូ១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ បិទតែម ឡើងស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ1C.6908 ។ ម៉ូតូខាងលេីជាកម្មសិទ្ធិឈ្មោះ ញៀន តុល ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាឪពុករបស់ឈ្មោះ តោ ភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ។ ជនរងគ្រោះជាឪពុកបានរងរបួសធ្ងន់ព្រោះតែការពារទ្រព្យសម្បត្តិរបស់ខ្លួនដែលលោកចោរ
បានចូលលួចនៅពាក់កណ្ដាលអាធ្រាត្រ (ក្រុមចោរដែលចូលធ្វើសកម្មភាពលួចគឺជាបក្ខពួករបស់កូនបង្កេីត និងបានកាប់ឪពុករបស់ខ្លួនមួយកាំបិតកាចែតចំក្បាលផ្នែកខាងលេីចិញ្ចេីម )។
មន្ត្រីនគរបាលស្រុកសំរោងទងបានបន្តថា សកម្មភាពដែលក្រុមជនសង្ស័យធ្វើនោះ នៅពេលដែលឪពុកបាន ឮសម្លេងគាស់ទ្វារនិងអូសយកម៉ូតូចេញពីកន្លែងទុក ក៏ភ្ញាក់ដឹងខ្លួនស្របពេលបក្ខពួករបស់កូន បានកំពុងតែចាត់វិធានការលួចយកម៉ូតូនោះ កូនប្រុសបង្កើតបានទាញកាំបិតកាចែតកាប់ឪពុករបស់ខ្លួនគ្មានញញើតដៃ បណ្តាលឱ្យចំក្បាលរងរបួសធ្ងន់ រួចហើយព្យាយាមរត់ គេច ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានពីរនាក់។
មន្ត្រីនគរបាលដដែលបានបញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួនបានឈ្មោះ តោ ភក្រ្តា ដែលជាកូនប្រុសបង្កើតជនរងគ្រោះបានសារភាពថា ខ្លួននិងបក្ខពួក ២ នាក់ទៀតបានធ្វើសកម្មចូលទៅលួចយកម៉ូតូរបស់ឪពុកខ្លួនពិតប្រាកដមែន ដោយបក្ខពួកជាអ្នកធ្វេីសកម្មភាព ហើយឪពុករបស់ខ្លួនបានភ្ញាក់ដឹងខ្លួនទាន់ និងបានមកប្រតាយប្រតប់ចាប់ទាញព្យាយាមដណ្តើមម៉ូតូពីមិត្តភក្តិ ពេលនោះដេីម្បីកុំឱ្យខូចផែនការដែលរៀបចំទុក ខ្លួន(កូនប្រុសបង្កើត)បានទាញកាំបិតកាចែតកាប់ប្រហារទៅលេីលោកឪពុកតែម្ដង រួចហើយបក្ខពួករបស់គេម្នាក់ទៀតបានយកម៉ូតូចេញផុតពីទីកន្លែងកេីតហេតុគេចខ្លួនបាត់ទៅ។ បក្ខពួកទាំងពីរនាក់មានឈ្មោះ សុិន សាម៉េត ហៅ ហួ ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួនបាត់) និងឈ្មោះ ផល ឆើត ហៅ ប៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង។
បច្ចុប្បន្នកូនប្រុសចិត្តដាច់កាប់ឪពុក និងបក្ខពួកម្នាក់ ទៀតដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះនគរបាលស្រុកសំរោងទង បានកសាងសំណុំរឿងចាត់ការបន្តបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕