ឯកឧត្ដម ឃួង ស្រេង អាជ្ញាធរាជធានីភ្នំពេញ មាន២ទីតាំង នៅជ្រោយចង្វា សម្រាប់ដាក់ទទួលកីឡាករអ៊ុំទូកជាង ២ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ ទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយមានទូក ង ចូលរួមប្រកួតប្រជែងចំនួន៣៤៦ទូក លើសពីឆ្នាំកន្លងទៅ៩ទូកនិងមានកីឡាករចំណុះទូកប្រមាណជាង២ម៉ឺននាក់ និងប្រទីបចំនួន៣៥ប្រទីប ខណៈឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៩ប្រទីបប៉ុណ្ណោះ។

នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ 

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំសោភណភាពរាជធានីភ្នំពេញ អោយកាន់តែមានភាពស្រស់ស្អាត ជារឿងធំដែលយើងក្នុងនាមជាអាជ្ញាធរត្រូវតែធ្វើឱ្យបានល្អបំផុត។ ចំពោះកីឡាករចំណុះទូក ង ទាំងជាង២ម៉ឺននាក់ត្រូវស្នាក់នៅទីតាំងចំនួន២ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះទីតាំងទី១ នៅឃ្លាំងសាំង ខណ្ឌឬស្សីកែវនិងទីតាំងទី២ នៅម្តុំរង្វង់មូលនាងមច្ឆាក្នុងតំបន់អភិវឌ្ឍន៍OCICខណ្ឌជ្រោយ

ចង្វា ដើម្បីយើងងាយស្រួលក្នុងការពារសន្តិសុខជូនពួកគាត់។

ក្នុងកិច្ចប្រជុំនោះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌ សង្កាត់ មិនឱ្យមានការលក់ដូរនៅលើបណ្តោយផ្លូវមួយចំនួន ដែលមានទីតាំង នៅក្នុងព្រះរាជពិធីនេះផងដែរ ជាមួយនិងការពិនិត្យមើលការផ្ញើកង់ ម៉ូតូ រថយន្ដឱ្យបានម៉ត់ចត់  ដោយឱ្យអាជ្ញាធរខណ្ឌត្រូវតែ ម្ចាស់ការផ្ទាល់ និងដឹងច្បាស់ពីអត្តសញ្ញាណអ្នកទទួលផ្ញើ ជៀសវាងបាត់បង់ម៉ូតូបងប្អូនប្រជាពលរដ្ឋ គ្មានការទទួល ខុសត្រូវ។ 

ក្នុងកិច្ចប្រជុំនេះដែរ អាជ្ញាធរក៏បានគិតគូរពីការរៀបចំបន្ទប់ទឹកអោយបានច្រើន ទីតាំងសំរាប់សង្គ្រោះនិងទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យ ការទប់ស្កាត់ ការលំហូរចរាចរណ៍ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ជនអនាថា ចោរលូកហោប៉ៅជាដើម។

លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចលនាប្រជាពលរដ្ឋ ពិសេស ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ខុនដូ ត្រូវលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងចងបដាពាក្យស្លោក អមដោយការតុបតែងលម្អរចនាបំភ្លឺភ្លើងពណ៌ចម្រុះនៅតាមបណ្តាអង្គភាព ទីតាំងអាជីវកម្ម និងគេហដ្ឋានរបស់ខ្លួន ឱ្យបានផុលផុសនិងស្រស់ស្អាត៕ ដោយ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print