ខេត្តបាត់ដំបង និងកោះកុង៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង តាមដានសកម្មភាព សត្វស្លាបទឹក ដែលកំពុងកើនឡើង។
ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ មន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានចុះអង្កេតតាមដានសកម្មភាព សត្វស្លាបទឹក រួមមាន ប្រភេទសត្វទុងប្រផេះ ចង្កៀលខ្យង និងសត្វត្រដក់។ ជាលទ្ធផលក្រុមការងារសង្កេតថា មានប្រភេទសត្វទុងប្រផេះ និងចង្កៀលខ្យង បន្តចុះមកបន្តពូជពងកូន ជាបន្តបន្ទាប់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ កម្លាំងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី២៦ ខែតុលាថ្មីៗនេះ បានព្រលែងសត្វស្លាបជាង ២០ ក្បាល ឱ្យចូលព្រៃធម្មជាតិវិញក្នុងឧទ្យានជាតិបទុមសាគរ ភូមិសាស្ត្រ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ចំពោះសត្វស្លាបដែលព្រលែងស្លាបឱ្យចូលព្រៃធម្មជាតិវិញ រួមមាន៖
១.សត្វមាន់ទឹករស់ចំនួន ១១ក្បាល
២.សត្វក្លុំរស់ចំនួន ០៩ក្បាល និងសត្វក្លុំងាប់ចំនួន ០២ក្បាល ក្រុមការងារបានធ្វើការកប់ចោល ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ ៕ដោយ៖តារា