ដើម្បីបញ្ជាក់ពីសមត្ថភាពវាយស្ទាក់របស់កាំជ្រួចមីស៊ីលល្បឿនលឿន AAD ឥណ្ឌាបានសាកល្បងមីស៊ីលប្រភេទ Prithvi ធ្វើជាគោលដៅសម្រាប់ការសាកល្បងវាយស្ទាក់បញ្ជាក់ពីសមត្ថភាពពិត ។ ការសាកល្បងនោះគឺដើម្បីបញ្ជាក់ពីសមត្ថភាពនៅក្នុងការកសាងប្រព័ន្ធការពារមីស៊ីលដែលមានប្រសិទ្ធភាពបំផុតក្នុងពេលដែលពិភពលោកផ្តោតសំខាន់ទៅលើប្រព័ន្ធមីស៊ីលដែលជាអាវុធអាចកំណត់ពីសមត្ថភាពខ្លាំងក្លាយរបស់ប្រទេសនីមួយៗ។
អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិឥណ្ឌាបានឲ្យដឹងថា «ការសាកល្បងគឺដើម្បីបញ្ជាក់ពីសមត្ថភាពវាយប្រហារកម្ទេចវត្ថុហោះហើរនៅលើអាកាសមានកាំជ្រួចមីស៊ីលជាដើម។
ការសាកល្បងដោយប្រើប្រាស់មីស៊ីលប្រភេទ Prithvi បាញ់ចេញពីនាវាចម្បាំងដែលឈរជើងនៅឈូងសមុទ្រ Bengal ហើយមីស៊ីលវាយស្ទាក់ក៏បានហោះទៅកម្ទេចមីស៊ីលនោះដោយជោគជ័យ។ កាំជ្រួចមីស៊ីលវាយស្ទាក់បានបាញ់ចេញពីកោះ Abdul Kalam ក្រោយពេលទទួលបានព័ត៌មានពីប្រព័ន្ធរ៉ាដាតាមដានទៅកម្ទេចមីស៊ីលសត្រូវ។
កាំជ្រួចមីស៊ីលវាយស្ទាក់ AAD ជាប្រភេទមីស៊ីមានប្រវែង ៧,៥ម៉ែត្រ បញ្ជាដោយប្រព័ន្ធគ្រប់គ្រង ។ ចាប់តាំងពីដើមឆ្នាំ២០០០ មកឥណ្ឌាបានអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីស៊ីលដើម្បីទប់ទល់នឹងការគំរាមកំហែងពីសត្រូវ។
ជាមួយនឹងការសាកល្បងលើកនេះគឺជាលើកទី១២ហើយសម្រាប់មីស៊ីលវាយស្ទាក់ខាងលើ ហើយក្នុងចំណោមនោះមាន១០លើកទទួលបានជោគជ័យ។
កាលពីដំបូងមានតែអាមេរិក និងរុស្ស៊ីប៉ុណ្ណោះ ដែលនាំមុខនៅក្នុងវិស័យផលិតសព្វាវុធកាំជ្រួចមីស៊ីលអាចបំពាក់ក្បាលគ្រាប់បរមាណូ។ មីស៊ីលទាំងនោះអាចបាញ់ចេញពីនាវាមុជទឹកដែលលាក់ខ្លួននៅក្រោមបាតសមុទ្រ។ មេបញ្ចាការកងទ័ពវាយលុកអាមេរិកបានបញ្ជាក់ថា ចិន និងកូរ៉េខាងជើងបានផលិតកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូជាច្រើនប្រភេទ។ ចំណែកឥណ្ឌា និងប៉ាគីស្ថានក៏កំពុងផលិតដូចគ្នា។
ចិនបានចាប់ផ្ដើមផលិតមីស៊ីលឆ្លងទ្វីបមានកម្រិតចំគោលដៅខ្ពស់បំផុតអាចវាយប្រហារនៅលើគោលដៅក្នុងប្រទេសជប៉ុន និងទីតាំងយោធានានារបស់អាមេរិក។ លោក Ian Easton ម្ចាស់អត្ថបទសរសេរពីលទ្ធភាពវាយប្រហារស៊ើបអង្កេតរបស់ចិនបានបញ្ជាក់ថា ក្រោយរយៈពេលជាច្រើនឆ្នាំដែលចិនបានខិតខំផលិតបានមីស៊ីលជាច្រើនគ្រាប់ច្រើនប្រភេទក្នុងនោះមានមីស៊ីលបាញ់ពីលើដីទៅគោលដៅលើដី CJ-10 ។ កាំជ្រួចមីស៊ីលប្រឆាំងនាវាចម្បាំង YJ-62 របស់កម្លាំងទាហ៊ានជើងទឹកក៏ដូចជាកាំជ្រួចមីស៊ីល YJ-63 និងCJ-20 របស់កម្លាំងទាហ៊ានអាកាសជាដើម។
កងកម្លាំងកាំភ្លើងធំរបស់ចិនមានកាំជ្រួចមីស៊ីលជាង៥០០ដើម ប្រើប្រាស់ជើងទម្រពី៤០ទៅ៥៥ សម្រាប់មីស៊ីល CJ-10 ទាំងនោះបានធ្វើឲ្យជប៉ុននិងអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែវាបាញ់បានចម្ងាយរហូតដល់ទៅ ១.៥០០គីឡូម៉ែត្រ អាចកម្ទេចគោលដៅនៅក្នុងប្រទេសជប៉ុន។
មន្ដ្រីក្រសួងការពារជាតិអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមីស៊ីលរបស់ចិនអាចវាយប្រហារទៅលើគោលដៅនានារបស់អាមេរិកនៅក្នុងតំបន់អាស៊ី ក្នុងនោះមានទីតាំងយោធារបស់អាមេរិកនៅលើកោះGuam ជាដើម។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ដ្រាលីបានបញ្ជាក់ថា ប្រសិនបើចិនដាក់កាំជ្រួចមីស៊ីលទាំងនោះនៅក្នុងទីតាំងយោធានៅលើកោះសិប្បនិមិត្ដក្នុងដែនសមុទ្រចិនភាគខាងត្បូងនោះ ចិនអាចវាយប្រហារទាំងនៅក្នុងទឹកដីអូស្ដ្រាលីផងដែរ។
ក្រៅពីចិន កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថានក៏បានខិតខំផលិតមីស៊ីលឆ្លងទ្វីបមានល្បឿនជាងសំឡេងដល់ទៅ៣ដងសម្រាប់កម្ទេចគោលដៅនៅឆ្ងាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ នៅក្នុងប្រទេសតំបន់អាស៊ានវិញវៀតណាមក៏បានទិញមីស៊ីលពីប្រទេសរុស្ស៊ីសម្រាប់ទប់ទល់ពេលមានហេតុការណ៍អាក្រក់កើតឡើង។
អ្វីដែលពិភពលោកព្រួយបារម្ភនោះគឺកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់ចិន ដោយសារតែចិនមានវិវាទជាច្រើនជាមួយប្រទេសជិតខាងជុំវិញដែនអធិបតេយ្យ។ អ្វីដែលអាមេរិកព្រួយបារម្ភនោះ គឺចិនកំពុងសាងសង់ទីតាំងយោធាកណ្ដាលសមុទ្រងាយស្រួលក្នុងការវាយប្រហារទៅគ្រប់ទិសទី។
ពេលនេះចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរដោយថាមពលបរមាណូនិងក្លាយជាទីតាំងសម្រាប់វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ជាច្រើនខែកន្លងមកចិនបានសាងសង់កោះសប្បនិមិត្ដ និងទីតាំងយោធាដោយបើកចំហនៅដែនសមុទ្រចិនភាគខាងត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់មាន វៀតណាម ហ្វុីលីពិនក៏ដូចជាអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្ដិសុខ បានបញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាតសមុទ្រ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត ។ ពេលនេះចិនបានសាងសង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ ការដែលសាងសង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី