ថ្នាក់ដឹកនាំខេត្តកណ្ដាល ចូលរួមក្នុងពិធីហែភ្លើងគប់អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិលើកទី២ ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្រុកកៀនស្វាយ តាមបណ្ដោយផ្លូវជាតិលេខ១ ឆ្ពោះទៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងរលូន ទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមផងដែរពីមន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស និងប្រជាពលរដ្ឋពលរដ្ឋយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ម្សិលមុិញ។

ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន បានបញ្ជាក់ថា ពិធីរត់ភ្លើងគប់អបអរសាទរ ការប្រកួត កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ ”កីឡាជាតិ ដើម្បីព្រែកជីកហ្វូណនតេជោ” នាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឃោសនាអប់រំផ្សព្វផ្សាយ បញ្ជ្រាបខ្លឹមសារសំខាន់ៗចំនួន៥ រួមមាន៖ ទី១ កីឡារស់នៅក្នុងសន្តិភាព ទី២ ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត ទី៣ កីឡាគ្មានផ្សែងបារី ទី៤ កីឡាគ្មានគ្រឿង ញៀន និងទី៥ កីឡាគ្មានសារធាតុដូពីង និងកីឡាបៃតង។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមដំបូលដ៏សុខុដុម នៃគុណតម្លៃសន្តិភាព ព្រឹត្តិការណ៍កីឡានេះពិតជាបានបង្ហាញ ពីការរីកចម្រើន សុខសន្តិភាព ការអភិវឌ្ឍ នៃវិស័យកីឡានៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់ សម្រាប់ការរៀបចំការប្រកួតកីឡា “យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩” ដែលជាព្រឹត្តិការណ៍ដ៏ធំ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សង្គម ដូចជានយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការលើក កម្ពស់កិត្យានុភាព ទីផ្សារពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។

ជាពិសេស ព្រឹត្តិការណ៍នេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់ វិស័យកីឡាផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត»។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍រត់ភ្លើងគប់នាថ្ងៃនេះ និងការប្រកួតកីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នឹងក្លាយជាការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា និងយុវជនឱ្យចូលរួមលេងកីឡាដែលនាំមកនូវសុខភាព។ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ រដ្ឋបាលខេត្ត ក្រង ស្រុក ត្រូវផ្តល់ការគាំទ្រគ្រប់រូបភាពនូវការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គាំទ្រដល់ការលេងកីឡា និងការបំពាក់ឧបករណ៍កីឡាទៅតាមទីសាធារណៈនានា ក្នុងគោលបំណងបំផុសយុវជន និងប្រជាជនឱ្យស្រឡាញ់កីឡា ចូលចិត្តកីឡា លេងកីឡា និងហាត់ប្រាណ ដើម្បីកាយសម្បទារឹងមាំ និងសុខភាពល្អ៕

...

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print