ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០២៤នេះថា៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សង្កេតឃើញថា មានការឆបោកក្រោមរូបភាពបន្លំខ្លួនជា មន្ត្រី នៃអគ្គីសនីកម្ពុជា។
ប្រភពដដែលបន្តថា ជនខិលខូចបានក្លែងបន្លំខ្លួនជា មន្រ្តីនៃ អគ្គិសនីកម្ពុជា (EDC) ហើយទាក់ទងមកជនរងគ្រោះ និងណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មក ណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចំងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធីEDC នៅក្នុង Notificationរបស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖
១, ផ្ទៀងផ្ទាត់ – ប្រសិនបើអ្នកទទួលបានសារ ឬការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។
២, កុំប្រញាប់ – ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់!
៣, កុំចែករំលែកព័ត៌មានសម្ងាត់ – អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬការហៅទូរស័ព្ទឡើយ៕ដោយ៖តារា