អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់(ទម្ងន់សុទ្ធសរុប ៣២០គីឡូក្រាម)

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់(ទម្ងន់សុទ្ធសរុប ៣២០គីឡូក្រាម) ដែលប្រព្រឹត្តនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៣២ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ពីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដែលបានសហការជាមួយនឹងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំង វរសេនាតូច ការពារព្រំដែនគោកលេខ ៧០១ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ និងដកហូត វត្ថុតាងរួមមាន សារធាតុញៀនចំនួន ១៨ បេ ស្មើនឹង ៣២០ ដុំ ជាប្រភេទសារធាតុញៀនកេតាមីន ដែលមាន ទម្ងន់សុទ្ធសរុប ៣២០ គីឡូក្រាម រថយន្តចំនួន ០២ គ្រឿង និងទូរស័ព្ទចំនួន ០២ គ្រឿង។ បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិឡាវចំនួន ០១ នាក់ ព្រមទាំងបក្ខពួកមួយចំនួនផ្សេង ទៀត ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជូន សំណុំរឿងទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print