ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនបណ្តាបញ្ជាការដ្ឋានទ័ពជំនាញ និងបណ្តាសាលាចំណុះអគ្គបញ្ជាការដ្ឋាន។
ពិធីចែកអាវរងា បានធ្វើឡើងនៅបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ដោយមានកងឯកភាពមកទទួល រួមមាន៖ បញ្ជាការដ្ឋានវិស្វកម្ម បញ្ជាការដ្ឋានការពារអាកាស បញ្ជាការដ្ឋានរថក្រោះ បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានបញ្ជូនសារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម វិទ្យាស្ថានបញ្ជាការ-សេនាធិការ វិទ្យាស្ថាននាយទាហានចម្រុះ សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញការពារព្រំដែន។
ក្នុងមតិស្វាគមន៍ ឧត្តមសេនីយ៍ឯក ពៅ ផារី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ ជំនួសមុខឲ្យបណ្តាមេបញ្ជាការចូលរួមនាឱកាសនោះ បានសម្តែងនូវការអរគុណដល់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានគាំពារសុខភាពកងកម្លាំងឈរជើងនៅជួរមុខ ធ្វើឲ្យកងកម្លាំងរីកធំធាត់ មានសុខភាពល្អ និងមានវឌ្ឍនភាពក្នុងការបំពេញភារកិច្ចបម្រើជាតិ។
មានមតិសំណេះសំណាល នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះការធ្វើពលិកម្មរបស់កងកងទ័ព ដែលជាកម្លាំងស្នូលក្នុងភារកិច្ចការពារបូរណភាពទឹកដី ក្នុងនោះកងកម្លាំងវិស្វកម្មបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ស្តារហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវគមនាគមន៍តាមតំបន់ព្រំដែន ប្រែក្លាយតំបន់ព្រំដែនមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។
អគ្គមេបញ្ជាការ បានលើកឡើងពីយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ បានខិតខំកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ជាសមិទ្ធផលប្រវត្តិសាស្ត្រមិនធ្លាប់មាន ដើម្បីទុកជាមរតកសម្រាប់ប្រជាជាតិកម្ពុជាជានិច្ចនិរន្តរ៍។
អគ្គមេបញ្ជាការ បានធ្វើការពន្យល់ពីសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតឡើងទាំងក្នុង និងក្រៅប្រទេស ជាពិសេស ក្រុមប្រឆាំងដែលរិះរកគ្រប់ល្បិចកល បង្កើតនូវព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ញុះញង់ឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយប្រើប្រាស់រូបភាពបាតុកម្មទៅជាបដិវត្តពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំឲ្យមេបញ្ជាការគ្រប់ថ្នាក់ ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន ពិនិត្យតាមដានសភាពការណ៍ឲ្យបានម៉ត់ចត់ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្លាំងឲ្យបានល្អ ជំហររឹងមាំ ដើម្បីការពារសន្តិភាព ព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដែលត្រូវរួមគ្នាការពារឲ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
នាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យមេបញ្ជាការគ្រប់ប្រភេទទ័ព អប់រំកងកម្លាំងរបស់ខ្លួនឲ្យមានវិន័យ និងរួមសហការជាមួយកម្លាំងជំនាញ ស្រាវជ្រាវលុបបំបាត់ ទប់ស្កាត់គ្រឿងញៀន ដែលជាប្រធានបទសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបានដាច់ខាត និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សប្រសិនបើមានករណីជួញដូរ និងប្រើប្រាស់កើតមានក្នុងមូលដ្ឋានរបស់ខ្លួន។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់រូប បង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនដែលមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការចូលនិវត្តន៍៕
ដោយ ៖ សិលា