ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រុកជួសជុល កែលម្អរ សួនកុមារវត្តភ្នំ និងផ្លាស់ប្ដូរសម្ភារៈថ្មី សម្រាប់ក្មេងលេង និងសួនកុមារមុខវត្តបុទុមវតី ឱ្យរួចរាល់មុនព្រះរាជ ពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ។ ដើម្បីត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងបង្កលក្ខណៈ សប្បាយរីករាយដល់កុមារ ក៏ដូចឪពុកម្តាយ ដែលនាំកូនមកដើរលេងកម្សាន្តលំហែរកាយ ក្នុងព្រះរាជពិធីបុណ្យអុំទូកទូកនាពេលខាងនេះ រដ្ឋបាលរាជធានី ភ្នំពេញ បានកំពុងមមាញឹកធ្វើការជួសជុល ផ្លាស់ប្តូរសម្ភារៈថ្មីកុមារលេង ដោយកែលម្អរសួនកុមារវត្តភ្នំ និងសួនកុមារមុខវត្តបុទុមវតីឱ្យបានរួចរាល់មុនព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
មន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី០៤វិច្ឆិកា ឆ្នាំ២០២៤នេះថា៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានណែនាំឱ្យផ្នែកជំនាញ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេងដោយ ធ្វើការកែលម្អរ សួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីឱ្យបានស្អាត និងមានសោភ័ណ្ឌភាពល្អ ឡើងវិញសម្រាប់កុមារមក លេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក ។
មន្ត្រីដដែរបានឱ្យដឹងទៀតថា សួនកុមារវត្តភ្នំ និងសួន កុមារ មុខវត្តបទុមវតីនេះ កន្លងមកសម្ភារៈសម្រាប់ក្មេងលេងមានការសឹករិចរិលដូចជាបាក់ដុំបង្វិល និងរបករបេីកថ្នាំជាដេីម ចាំបាច់ត្រូវធ្វើការផ្លាស់ប្ដូរថ្មី ដែលសម្ភារៈខ្លះ យើងធ្វការជួសជុល ផ្នែកខ្លះយើងលៀងសម្អាតបាញ់ថ្មាំឡេីងវិញឱ្យបានស្អាត និងមានសោភណ្ឌភាពដូចថ្មី ។
មន្ត្រីជំនាញបានបញ្ជាក់ថា ការងារ ជួសជុលផ្លាស់ប្តូរថ្មីសម្ភារៈកុមារលេង និងកែលម្អរនៅសួនកុមារវត្តភ្នំ និងសួនមុខវត្តបុទុមវតីនេះ បានចាប់អនុវត្តចាប់ពីថ្ងៃទី៣០ ខែតុលា ២០២៤ដែលក្រុមការងារកំពុងខិតខំឱ្យរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះ ព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃ១៤ដល់១៦ វិច្ឆិកាខាងមុខនេះ ។
សូមបញ្ជាក់ថា៖ សួនកុមារវត្តភ្នំ និងសួនកុមារមុខវត្ត បទុមវតីត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កសាងឡើងកាលពីអំឡុងឆ្នាំ២០០៤-២០០៥ មកដល់ពេលនេះមានរយៈពេល ប្រមាណ២០ឆ្នាំហើយក្នុងពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ មានការជួសជុល ជាបន្តបន្ទាប់ដែរ តែសម្រាប់ ឆ្នាំ២០២៤ នេះជួសជុលលក្ខណៈទ្រុងទ្រាយធំ កន្លែងខ្លះត្រូវរេីចេញ និងតម្លេីងថ្មីតែម្តង ៕ ដោយ៖ សំរិត