ក្រុមកំពូលតារាង La Liga អ្នកមានបុណ្យ Barcelona បានបន្តទម្រង់លេងដ៏ល្អនៅដើមរដូវកាលរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Hansi Flick ខណៈដែលក្រុមនេះបានបំបាក់គូប្រជែងក្នុងក្រុង Espanyol ៣ទល់១ ដើម្បីវ៉ាដាច់ក្រុមលេខ២ Real Madrid រហូតដល់ទៅ៩ពិន្ទុ។
ថ្មីៗពីការផ្តួលក្រុម Real Madrid ក្នុងជំនួប El Clasico កាលពីសប្តាហ៍មុន ការលេងប្រយុទ្ធរបស់ Barcelona បានបង្ហាញភាពអស្ចារ្យម្តងទៀត ដោយខ្សែបម្រើស្លាបវ័យជំទង់ Lamine Yamal មើលទៅកាន់តែមានទម្រង់លេងល្អ បើទោះបីការប្រកួតនេះមិនបានរកគ្រាប់បាល់ក៏ដោយ ប៉ុន្តែរូបគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន១គ្រាប់ដែរ។
ខ្សែបម្រើរូបនេះបានបញ្ជូនបាល់យ៉ាងល្អទៅឲ្យកីឡាករ Dani Olmo ស៊ុតបាល់បញ្ចូលទីនាំមុខក្រុមភ្ញៀវនៅនាទីទី១២។ កីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់ទៀតគឺ Marc Casado បន្ទាប់មកបានលេងបាល់យ៉ាងល្អដូចគ្នា បានបញ្ជូនបាល់ឲ្យប្រធានក្រុម Raphinha ស៊ុតបញ្ចូលទីគ្រាប់បាល់ទី២ក្នុងការប្រកួតទៅលើក្រុម Espanyol នាទទី២៣។
ខ្សែការពាររបស់ Barcelona ជាថ្មីម្តងទៀតបានធ្វើឱ្យគូប្រកួត Espanyol មានគ្រាប់មិនបានការចំនួន២គ្រាប់ ដែលត្រូវបានច្រានចោលសម្រាប់ការ Off-side ដែលពួកគេធ្លាប់ធ្វើម្តងរួចហើយពេលប៉ះ Real Madrid ដោយរត់ឲ្យផុតខ្សែប្រយុទ្ធដើម្បីលួចបាល់ Off-side។
កីឡាករ Dani Olmo របស់ Barceona បានរកគ្រាប់បាល់ទី៣នៃការប្រកួតនេះនៅនាទីទី៣១ធ្វើឲ្យក្រុមកំពូលតារាងមួយនេះនាំមុខ៣ទល់០ក្នុងតង់ទី១។
នៅដើមតង់ទី២ការខិតខំប្រឹងប្រែងរបស់ Alvaro Tejero សម្រាប់ក្រុមភ្ញៀវ Espanyol ដោយរកបាន១គ្រាប់តាមពីក្រោយដើម្បីលួងចិត្តអ្នកគាំទ្រនៅនាទីទី៦៣។ Espanyol នៅតែមិនអាចតស៊ូដើម្បីរកឱការតាមស្មើទៅលើ Barcelona បាន ហើយក្រុមដែលស្ថិតនៅកៀកតំបន់កាត់ចោលមួយនេះនៅតែបង្ហាញកំណត់ត្រាការប្រកួតដ៏គួរឱ្យសោកស្តាយរបស់ពួកគេនៅតែបន្ត។
ឥឡូវនេះពួកគេបានឆ្លងកាត់ការប្រកួតចំនួន២៧លើកជាប់ៗគ្នាដោយមិនបានទទួលជ័យជម្នះលើក្រុម Barcelona និងបានចាញ់៦លើកក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុង La Liga។
ចំណែកក្រុមរបស់លោក Flick បានឈ្នះការប្រកួតលីកចំនួន១១ក្នុងចំណោម១២ប្រកួតរបស់ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ហើយចាប់តាំងពីការចាញ់តែមួយគត់របស់ពួកគេនៅឯ Osasuna នៅចុងខែកញ្ញា បានទទួលជ័យជម្នះ៦លើកជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន២៤គ្រាប់នៅក្នុងដំណើរការប្រកួតគ្រប់ពានរង្វាន់។
Barcelona នឹងធ្វើដំណើរទៅជួបក្រុម Red Star Belgrade ក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីថ្ងៃពុធ ហើយនឹងព្យាយាមរក្សាទម្រង់លេងដ៏អស្ចារ្យនេះ។ ដោយឡែកកាលពីថ្ងៃអាទិត្យដែរក្រុមចំណាត់ថ្នាក់លេខ៣ Atletico Madrid បានយកឈ្នះលើក្រុម Las Palmas ក្នុងលទ្ធផល ២-០ ដើម្បីឈានទៅឈរប្រកៀកនឹងក្រុមលេខ២ Real Madrid ក្នុងតារាង La Liga ៕ (រូបភាព ៖ BBC)