ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកគណនីធនាគារជាប្រាក់រៀល ជូនអាជីវកម្មទាំងអស់ដែលចុះបញ្ជីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន-សហគ្រាស ទាំងអស់ មេត្តាជ្រាបថា ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងវិស័យធុរកិច្ច ក៏ដូចជាចូលរួមរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងមុំទី៥ នៃបញ្ចកោណទី៣ របស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ មេត្តាចូលរួមសហការសម្របសម្រួលក្នុង ការបង្កើតគណនីធនាគារជាប្រាក់រៀល ជូនគ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រាក់រៀល មានសារៈសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពការអនុវត្តនយោបាយម៉ាក្រូ សេដ្ឋកិច្ចជាតិ ជាពិសេសក្នុងការរក្សាស្ថិរភាពថ្លៃនៅក្នុងទីផ្សារ កាត់បន្ថយចំណាយប្រតិបត្តិការដុល្លារូបនីយកម្ម គាំទ្រការនាំចេញ និងការវិនិយោគ គរពូនទុនបម្រុងអន្តរជាតិ បង្កើនសុខុមាលភាពសង្គម ទទួលចំណូលពីការបោះពុម្ពក្រដាសប្រាក់ ព្រមទាំងពង្រឹង អត្តសញ្ញាណជាតិ និងអធិបតេយ្យជាតិជាដើម។
អាស្រ័យហេតុនេះ សូម គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន-សហគ្រាសទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
ដោយ ៖ សិលា