ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ ថ្ងៃ នេះ សង្កេតឃើញតាមបណ្តាញសង្គមដែលមានឈ្មោះ So Koung បានចុះផ្សាយដែលមានខ្លឹមសារថា៖ “ហាងខ្ញុំលក់តែ ម្ហូបទេ ហាងខ្ញុំ មិនដែលលក់អូកណូកទេចាស សូមទានជ្រាប មុនចូលសូមមើលផ្លាកយីហោផង លោកអែងចូលហាង ញ៉ាំបាយមិនកម្មង់ម្ហូបញ៉ាំទេ បែរជាកម្មង់ អូកណូកទៅវិញ ហើយលោកឯងខំយកឈ្មោះអ្នកធំ និងយកស្ថាប័នប៉ូលីសបាំង មុខទៀត ហើយបានគំរាមខ្ញុំ ជេរ ចង្អុលមុខ ចង់ចូលទៅវ៉ៃខ្ញុំដល់ក្នុងតុរីសឹបទៀត កុំតែបានគ្នាគាត់ចាប់ឃាត់ទេ កុំអីគាត់ប្រើ អំពើហិង្សាមកលើខ្ញុំហើយ លោកឯងមើលងាយខ្ញុំជាស្ត្រីភេទពេកហើយ ទង្វើបុគ្គលនេះគឺអសីលធម៌ណាស់ អាងសិទ្ធិ អាងអំណាចពេកហើយដើរអុកឡុកគំរាមគេ សូមបងប្អូនជួយឡាច និងស៊ែ ឱ្យបានច្រើន ឱ្យស្ថាបន័ និងមេៗគាត់បាន ឃើញទង្វើបុគ្គលនេះផង” ចំពោះរឿងហេតុដែលបានកើតឡើងខាងលើនេះ គឺនៅក្នុង ភោជនីយដ្ឋានអង្គរឈីនឈូយាន ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៤០ នាទី ។
អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមធ្វើការបដិសេធចំពោះបុគ្គលដែលបង្ក ការអុកឡុក និងអសីលធម៌នោះគឺ មិនមែនជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនោះទេ ។ បញ្ជាក់ថា៖ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបយើងខ្ញុំកំពុងតែស្រាវជ្រាវ កំណត់អត្តសញ្ញាណជននោះដើម្បីយកមកសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប សូមកុំយល់ច្រឡំចៀសវាងការបកស្រាយផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងដែលកំពុងអនុវត្តច្បាប់ ៕
ដោយ ៖ សិលា