អភិបាលខេត្តយូណាន សន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ចិន÷ នាល្ងាច ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបលោកអភិបាលខេត្តយូណាន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចបវរធិបតី ដែលអញ្ជើញចូលរួមកិច្ចប្រជុំ GMS នៅទីក្រុងគុនមិញ នាឱកាសនេះ និងបានសម្ដែងនូវសេចក្ដីរីករាយ ដែលបានជួបសម្ដេចបវរធិបតីម្ដងទៀត បន្ទាប់ពីឯកឧត្តមបានជួបជាមួយសម្ដេចបវរធិបតី ក្នុងឱកាសនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីចុងឆ្នាំ២០២៣ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីការវិវឌ្ឍន៍ និងសក្តានុពលរបស់ខេត្តយូណាន ផងដែរ។

លោកអភិបាលខេត្តបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច វិស័យពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ចំពោះបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបលោកអភិបាលខេត្ត ម្ដងទៀត។ សម្ដេចបវរធិបតីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់ខេត្តយូណាន ដែលជាក្បាល ម៉ាស៊ីនមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសចិន។

សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់អំពីភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ស្របពេលប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសក្តានុពលក្នុងវិស័យជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាងប្រទេសកម្ពុជា និងខេត្តយូណាន។ សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ រវាងតំណាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងមន្ទីរការបរទេសនៃខេត្តយូណាន ជួបប្រជុំបានឆាប់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

សម្តេចបវរធិបតី និងលោកអភិបាលខេត្តបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំនិងការបណ្ដុះបណ្ដាល ព្រមទាំងទេសចរណ៍ ជាដើម។

...

ឯកឧត្តមអភិបាលខេត្តបានសន្យាពិនិត្យលទ្ធភាពផ្ដល់អាហារូបករណ៍កាន់តែច្រើនទៀត ដល់និស្សិតកម្ពុជា ដើម្បីមកបន្តការសិក្សានៅខេត្តយូណាន  និងបន្តខិតខំលើកទឹកចិត្តឱ្យប្រជាជនចិន ទៅធ្វើទេសចរណ៍ នៅប្រទេសកម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print