រដ្ឋមន្ត្រីក្រសួងការងារ ទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលកររដូវកាលកម្ពុជាទៅធ្វើការចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយកពលកររដូវកាលកម្ពុជាសម្រាប់ឆ្នាំ ២០២៥ ផងដែរ។ ទន្ទឹមនេះលោករដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងយកចិត្តទុកដាក់គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ។

លោក ហេង សួរ សង្ឃឹមថារដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតាទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀតទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញរបស់កម្ពុជា។

ក្នុងជំនួបនេះដែរ លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរដល់ពលករកម្ពុជាដែលកំពុងបំពេញការងារនៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង។ ទន្ទឹមនេះ លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជាមានអត្តចរិតល្អដូចនេះ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើតអន្តេវាសិកដ្ឋានសម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលមកធ្វើការនៅក្នុងតំបន់នេះ។

...

គួរបញ្ជាក់ថា ស្រុកកូឆាងខេត្តឆល់ឡាប៊ូកដូ មានតំបន់ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោតសំខាន់លើវិស័យធំៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹក ជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពលលើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print