សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ​

ចែករំលែក៖

ខេត្ត​ក្រចេះ​៖​ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ សូមជម្រាបជូនមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ សាធារណជន និងប្រជាពលរដ្ឋដែល ចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់លើទីតាំងដ៏ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន ន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ស្ថិត ស្ថិតនៅឃុំកោះខ្មែរ ឃុំសណ្តាន់ ស្រុកសំបូរ និងឃុំអូរគ្រៀង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ជ្រាបថា ក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត បានទទួលសិទ្ធិ វិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៩ និងឆ្នាំ២០១០ និងបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចេញ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុនៅក្នុងឆ្នាំ២០១០ និងឆ្នាំ២០១៣ និងបានធ្វើការកាត់ឆ្កៀលចេញនូវដីព្រៃរក្សាទុក ដីទ្រនាប់អូរ ដីសាធារណៈផ្សេងៗ និងដីដែលប្រជាពលរដ្ឋ បានអាស្រ័យផលចេញរួចរាល់។

បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគ ក្រុមហ៊ុនបានធ្វើការឈូសឆាយដី ដាំដុះដំណាំអំពៅ និងអនុវត្តបានតាមផែនការ មេរបស់ក្រុមហ៊ុន។ ក្នុងអំឡុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ចនៅពេលពេលផ្ទះជំងឺកូវីដ-១៩ ក្រុមហ៊ុនបានផ្អាកដំណើរការមួយរយៈ។ ចន្លោះពេលក្រុមហ៊ុនអសកម្ម ប្រជាពលរដ្ឋចាប់ផ្តើមចូលទន្ទ្រានកាន់កាប់ជាបន្តបន្ទាប់ ក្នុងនោះក្រុមការងារខេត្ត ស្រុក ចុះ សម្របសម្រួល និងដោះស្រាយជាបន្តបន្ទាប់។ នៅក្នុងឆ្នាំ២០២២ មានប្រជាពលរដ្ឋចំនួន ៨១គ្រួសារ បានចូលទៅទន្ទ្រាន កាន់កាប់ដីក្រុមហ៊ុនទំហំ ៥២០ហិកតា និងបានអះអាងថាទីតាំងដីដែលពួកគាត់កាន់កាប់ អាស្រ័យផលយូរមកហើយ។ ក្រុម ការងារថ្នាក់ស្រុកបានចុះដោះស្រាយចំនួន ៦លើក មានប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ បានចាកចេញ និងប្រជាពលរដ្ឋ ១៦ គ្រួសារ ប្រគល់ដីជូនក្រុមហ៊ុនវិញ ដោយយល់ព្រមចាកចេញទទួលសំណងការឈូសឆាយពីក្រុមហ៊ុន និងប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ស្នើសុំអាស្រ័យផលដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីប្រមូលផលរួច នឹងប្រគល់ដីជូនក្រុមហ៊ុនវិញ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១៥គ្រួសារផ្សេងទៀត មិនព្រមឯកភាពទទួលយកការដោះស្រាយ ហើយបានបន្តកាន់កាប់ដីប្រមាណ ៧០ហិកតា។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានប្រមូលផ្តុំឡើងទៅធ្វើការតវ៉ា និងដាក់ លិខិតសុំអន្តរាគមន៍នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។ ក្រុមការងារ ខេត្តបានសម្របសម្រួលអញ្ជើញពួកគាត់ត្រឡប់មកមូលដ្ឋានវិញ ហើយបានប្រជុំដោះស្រាយ និងចុះដល់ទីតាំងជាក់ស្តែង បានចំនួន ៥លើក។ ក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង និងយកចំណុចនិយាមការតាមក្បាលដីនីមួយៗតាមការអះអាង របស់ពួកគាត់ និងរៀបចំកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់ កាប់ និងអាស្រ័យផលនៅលើដីក្រុមហ៊ុនទាំងនោះ គឺចូលទៅទន្ទ្រានកាន់កាប់ លើដីក្រុមហ៊ុនក្រោយការចុះបញ្ជីជាដីឯកជន របស់រដ្ឋឆ្នាំ២០១០ និងឆ្នាំ២០១៣ ដោយក្រុមការងារធ្វើការបង្ហាញផែនទីលើអាកាសតាមឆ្នាំ ដែលពួកគាត់អះអាងធៀបនឹង ដីចុះបញ្ជី និងឆ្នាំដែលចូលកាន់កាប់។ ករណីរកឃើញថា បងប្អូនប្រជាពលរដ្ឋចូលកាន់កាប់ក្នុងដីក្រុមហ៊ុនមុនការចុះបញ្ជីជា ដីឯកជនរបស់រដ្ឋ រដ្ឋបាលខេត្តនឹងលើកយកមកពិនិត្យស្នើគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំ។

រដ្ឋបាលខេត្តក្រចេះ សូមធ្វើការបដិសេធ និងប្រកាសមិនទទួលស្គាល់ចំពោះប្រជាពលរដ្ឋដែលកំពុងកាន់កាប់លើទីតាំងដីក្រុមហ៊ុនកាម៉ាដេនូ វេនឈរ (ខេមបូឌា)លីមីធីត និងក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) លីមីធីត ដោយខុសច្បាប់​ និងសូមប្រកាសបិទបញ្ចប់សំណុំរឿង មិនលើកយកមកធ្វើការដោះស្រាយបន្តឡើយ។ ជាមួយគ្នានេះ ប្រសិនជាបងប្អូនប្រជាពលរដ្ឋដែលកាន់កាប់ដ៏ខុសច្បាប់ខាងលើ ពុំមានដីពិតប្រាកដមែន សូមបងប្អូនប្រជាពលរដ្ឋដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈរដ្ឋបាលឃុំ ស្រុក ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

...

ករណីមានការតវ៉ា និងទាមទារក្រោមរូបភាពណាមួយក្នុងគោលបំណងកាន់កាប់ដីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ​ សូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សហការជាមួយរដ្ឋបាលខេត្តក្រចេះ ដើម្បីមានវិធានការអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print