ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ៧កើត ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមប្រុសស្រីចំនួន ២៥នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក។
បេីតាមមន្រ្តីជំនាញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ការបណ្ដាញជនជាតិវៀតណាមខាងលេីនេះសរុបចំនួន ២៥នាក់ ក្នុងនោះ(ស្រី១៩នាក់) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក (ខេត្តកំពត) ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងនោះទទួលពីស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ១នាក់, ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៦នាក់, (ស្រី៤នាក់) និងទទួលពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ១៨នាក់ (ស្រី១៥នាក់)។
ដោយឡែកលោកឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត និងជនភៀសខ្លួន និងសហការីចំនួន ៩នាក់ នៅថ្ងៃទី០៧ ខែវិច្ឆិកានេះដែរ សហការជាមួយលោកស្នងការរងទទួលផែនអន្តោប្រវេសន៍ និងក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបន្តនីតិវិធីការងារធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការចូលរួមពីលោកអធិការ-អធិការរង-នាយផ្នែក-នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកជ្រៃ នៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន មន្រ្តីជំនាញ សមាគម និងជនបរទេសអន្តោប្រវេសន្តមួយចំនួន ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកជ្រៃផងដែរ៕ដោយ៖តារា