សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ មន្រ្តីការទូត ជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតាំងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។

ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរនិងគំាទ្រពេញទំហឹង ចំពោះលោក លោកស្រី ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ម៉ត់ចត់និងប្រកបដោយឋាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនានានៅលើសកលលោក។

សម្តេចប្រធានរដ្ឋសភា បានគូសបបញ្ជាក់ថាជាមន្រ្តីការទូតជាតំណាងឱ្យជាតិទាំងមូលនៅលើឆាកអន្តរជាតិនិងជាអ្នកដែលឈរនៅសមរភូមិជួរមុខ ក្នុងកិច្ចការពារគុណតម្លៃរបស់ជាតិ និងគោលបំណងជាយុទ្ធសាស្រ្តរបស់ជាតិ។ បេសកកម្មការទូតពិតជាមានសារៈសំខាន់ខ្លាំងណាស់ បន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងខាងក្នុងប្រទេស ដើម្បីការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។

សូមជម្រាបថា ឯកអគ្គរាជទូតទំាងបួនរូបដែលទើបទទួលបានការតែងតំាងហើយបានចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន លោក កុយ គួង ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ លោក ប្រាក់ ងួនហុង ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសហព័ន្ធប្រេស៊ីល លោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូត ប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ និងឯកឧត្តម ឆេង ម៉ានិត ឯកអគ្គរាជទូត ប្រចាំប្រទេសមីយ៉ាន់ម៉ា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី ដែលពោរពេញដោយសមត្ថភាពនិងបទពិសោធន៍លើការងារការទូតនេះ នឹងបំពេញបេសកកម្មជូនប្រជាពលរដ្ឋនិងប្រទេសជាតិ សម្រេចបាននូវលទ្ធផលធំធេង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទាំងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្ត៍ឈ្មោះរបស់កម្ពុជា។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទាំងក្របខណ្ឌទ្វេភាគី និងពហុភាគីឱ្យកាន់តែប្រសើរថែមទៀត ។ ត្រូវជំរុញផ្សព្វផ្សាយ អំពីភាពវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានទូលំទូលាយ សំដៅទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរ មកកម្ពុជា ឱ្យបានកាន់តែច្រើន។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត ដល់ឯកអគ្គរាជទូតទំាងអស់យកចិត្តទុកដាក់ ខ្វល់ខ្វាយ និងជួយសម្របសម្រួលគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការនិងរៀនសូត្រនៅតាមបណ្តាប្រទេសនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានភាពកក់ក្តៅ ស្របនឹងសុភាសិតខ្មែរពោលថា “នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ”។

សម្តេចប្រធានរដ្ឋសភា ក៏បានបានផ្តាំផ្ញើជូនឯកអគ្គរាជទូតទំាងអស់ ជួយលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជាជាមួយសភានៃប្រទេសដែលខ្លួនកំពុងបំពេញបេសកកម្ម ឱ្យកាន់តែសកម្ម និងជិតស្និទ្ធថែមទៀត។សម្តេចបានបញ្ជាក់ថា ការទូតសភា នាពេលបច្ចុប្បន្ន កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការជំរុញឱ្យមានកិច្ចសន្ទនា ការយោគយល់គ្នា ការជឿជាក់គ្នាទៅវិញទៅមក និងគិតដល់ប្រយោជន៍រួម។

លោក កុយ គួង តំណាងឯកអគ្គរាជទាំងបួនរូប បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកផ្តល់ឱកាសជូនឯកឧត្តមលោកជំទាវ ឯកអគ្គរាជទូតទំាងអស់ បានចូលជម្រាបលានិងទទួលអនុសាសន៍ល្អៗជាច្រើន នៅមុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិនិងប្រជាពលរដ្ឋ។

លោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបំពេញបេសកមម្មឱ្យទទួលបានជោគជ័យ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះនឹងខិតខំផ្សព្វផ្សាយពីការពិតនៅកម្ពុជាដល់អន្តរជាតិ ទាក់ទាញអ្នកទេសចរ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ជាពិសេសផ្សារខ្ជាប់សុខទុក្ខជាមួយពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា ដែលលោក លោកស្រី ត្រូវបំពេញបេសកកម្មការទូតឱ្យបានជិតសិ្នទ្ធនិងការទទួលខុសត្រូវខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print