ភ្នំពេញ៖ បុរសម្នាក់បានគាំងបេះស្លាប់នៅក្នុងផ្ទះសំណាក់ហេងមានលាភ នៅបន្ទប់ជាន់ទី១ ក្រោយពីផឹកស្រានិងបានឌុបគូរស្នេហ៍មកដេកក្នុងបន្ទប់ផ្ទះសំណាក់ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សពបុរសខាងលើមានឈ្មោះ រស្មី ចាន់ដារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ។ បច្ចុប្បន្នស្នាក់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ បុរសខាងលើជិះម៉ូតូមួយគ្រឿងម៉ាក winner x ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1KW .9102 និងបានឌុបគូរស្នេហ៍មកដេកផ្ទះសំណាក់នៅវេលាម៉ោង១២ យប់ និង៥០នាទីឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះរហូតដល់វេលាម៉ោង៤ទាបភ្លឺ គូស្នេហ៍ក៍បានចុះពីបន្ទប់នៅជាន់ទី១ មកក្រោមដើម្បីប្រាប់ម្ចាស់ផ្ទះសំណាក់ថាគូរស្នេហ៍របស់ខ្លួនមានអាការៈមិនស្រួលខ្លួនហើយថប់ទ្រូងដង្ហើមមិនរួច ចំណែកម្ចាស់ផ្ទះក៍បានប្រាប់ថាមានតែប្រេងកាឡាទេ រួចក៍បានឡើងទៅជាន់ទី១ ដើម្បីទៅមើលបុរសខាងលើ និងបានទំនាក់ទំនងទៅរថយន្ដសាមុយដើម្បីជួយសង្គ្រោះបន្ទាន់ផងដែរ ភ្លាមនោះរថយន្ដសង្គ្រោះបន្ទាន់ក៍បានមកដល់ តែជាអកុសល់បុរសខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ចំណែកឯគូរស្នេហ៍ម្ចាស់ផ្ទះសំណាក់បានឃាត់ខ្លួនទុក ដើម្បីឲ្យសមត្ថកិច្ចធ្វើការសាកសួរនាំ។ លុះរហូតដល់ព្រឹកព្រលឹមម្ចាស់ផ្ទះសំណាក់ក៍បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញនគរបាលខណដូនពេញ សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពនៅទីតាំងកើតហេតុខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាស្លាប់ដោយសាគាំងបេះដូង ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ