បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ?

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរសៀវភៅគ្រួសារត្រូវបានកំណត់ថាជាសៀវភៅសម្រាប់បញ្ជាក់ពីចំណងញាតិ ដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ ( ប្តីឬប្រព័ន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។

ជាទូទៅពលរដ្ឋ តែងបានលើកសំណួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?តបនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថា ការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម។

ករណីបាត់៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។

-ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងមានឯកសារភ្ជាប់ត្រឹមត្រូវហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខាផ្តល់ទុតិយតា ឬផ្ដល់ជាលើកទី២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។

គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និងមិនលើសពី១៥ថ្ងៃឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីណែនាំលេខ០០១សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីបែបបទនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ៕

...

ប្រភព ៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print