ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មកពីទីស្នាក់ការកណ្តាលប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅទីស្ដីការក្រសួង។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធគ្រប់ជ្រុងជ្រោយ រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាពិសេសការកសាងមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (NWRMDC) ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំប្រកបដោយនិរន្តរភាពរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការបំពាក់នូវឧបករណ៍ព្យាករណ៍ឧតុនិយម និងជលសាស្រ្តគ្រប់ប្រភេទដែលជាបច្ចេកវិទ្យាទំនើបកម្មចុងក្រោយ ដើម្បីព្យាករណ៍ប្រកបដោយសុក្រឹតភាព ឧត្តមភាព ទាន់ពេលវេលា ទាន់ហេតុការណ៍សម្រាប់ជាតិ តំបន់ និងអន្តរជាតិ និងសម្រាប់បម្រើឱ្យគ្រប់វិស័យទាំងអស់។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា មូលដ្ឋានទិន្នន័យទាំងនេះជាលទ្ធផលដ៏មានប្រសិទ្ធភាពក្នុងការរៀបចំយុទ្ធសាស្រ្តដ៏ល្អប្រសើរទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ បាតុភូតគ្រោះមហន្តរាយធម្មជាតិគ្រប់ប្រភេទ និងដោះស្រាយលើភាពស្មុគស្មាញនានាពីការឡើងកម្ដៅនៃភពផែនដី ព្រមទាំងចាត់វិធានការ បានទាន់ពេលវេលាក្នុងការគ្រប់គ្រងធនធានទឹក និងបញ្ជាទឹក ដើម្បីកាត់បន្ថយជាអតិបរមានៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងតំបន់ផងដែរ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងធនធនទឹក និងឧតុនិយម បាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយស្ថាប័នឧតុនិយមអន្តរជាតិជាច្រើន ព្រមទាំងសកលវិទ្យាល័យឧតុនិយម និងវិទ្យាស្ថានធនធានទឹកនានានៅលើពិភពលោក ដើម្បីកសាងនូវប្រព័ន្ធផ្កាយរណបនៃវិស័យទឹក ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖តារា