ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤នេះ មានការរៀបចំជាស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ជាង៤០០ស្តង់ ហើយក៏មានស្តង់រៃរងផ្សេងៗទៀតដែរ ហើយស្តង់ពិព័រណ៍ភាគច្រើន មាននៅតាមតំបន់សប្បាយ ភាព កន្លែងប្រគុំតន្រ្តីជាដើម។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៤ថា៖ តាមរបាយ ការណ៍ដែល រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន១៣ កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់រៃរងផ្សេងៗទៀតដែរ។
លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារៈ និងរៀបចំទុកដាក់ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះប្រព្រឹត្តិទៅដោយរលូន។ ក្នុងនេះលោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ចំនួនស្តង់ពិព័រណ៍ទំាង១៣កន្លែងនេះ រួមមាន៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូងនិង ផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រកន្លែងរៀបចំស្តង់ពិព័រណ៍សម្រាប់ជួល នៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDCនៅក្បែររង្វង់មូលនាងមច្ឆាOCICជ្រោយចង្វា និងពីរកន្លែងទៀតរៀបចំដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទដោយមិនយកថវិកាផងដែរ៕