ភ្នំពេញ ៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ស្នើដល់កីឡាករអុំទូកទាំងអស់មកពីខេត្តក្រចេះ ដែលត្រូវប្រណាំងនៅភ្នំពេញ ត្រូវប្រកាន់ភ្ជាប់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៍ គោរពវិន័យអោយបានល្អ ត្រូវអនុវត្តតាមបទបញ្ជានៃការប្រណាំងទូកអោយបានរឹងមាំ បញ្ចៀសរាល់បាតុភាពអសកម្ម ដើម្បីភាពសប្បាយរីករាយ, ។
លោក នេត្រ ភក្ត្រា ក៏បានផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ត្រូវថែរក្សាសុខភាពអោយបានល្អប្រសើរ ហើយត្រូវបន្តហ្វឺកហាត់អោយបានខ្លាំងបន្ថែមទៀត ពិសេសត្រូវតែគោរពវិន័យ សេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករ ហើយរួមសហការសាមគ្គីជាកំលាំងដ៏រឹងមាំ ដើម្បីចូលរួមប្រកួតយកជ័យជំនះ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ការផ្តាំផ្ញើ និងលើកទឹកចិត្តដល់កីឡាករប្រណាំងទូកនេះធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រចេះ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខព្រះសង្ឃ និងបងប្អូនចំណុះទូកចំនួន ៩៧៤នាក់ សរុបទូក ង ចំនួន ២០ មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាខាងមុខអគារទីស្តីការក្រសួងព័ត៌មាន ។
ពិធីចែកអំណោយដល់កីឡាករប្រណាំងទូកមកពីខេត្តក្រចេះនាឱកាសនេះក៏មានការអញ្ជើញចូលរួមពី លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, លោក សរ ចំរ៉ុង , លោក អ៉ឹម ចាន់ថុល អ្នកតំណាងរាស្ត្រខេត្តក្រចេះ ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្រុមការងារគណបក្ស ក៏ដូចជាអ្នកតំណាងរាស្ត្រ និងគណៈអភិបាលខេត្តក្រចេះ បានរួមកំលាំងគ្នានាឱកាសពេលនេះ ដើម្បីធ្វើការគាំទ្រដល់ក្រុមកីឡាករប្រណាំងទូកមកពីខេត្តក្រចេះទាំងអស់ អាច មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រណាំងជាមួយកីឡាករអុំទូក មកពីបណ្តាខេត្តផ្សេងៗទៀតដើម្បីធ្វើការប្រកួតប្រណាំងអោយទទួល បានលទ្ធផលល្អ ហើយក៏ត្រូវធ្វើយ៉ាងណាចូលបង្ករបរិយាកាសសប្បាយរីករាយ រក្សាបាន នូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អនៃពិធីប្រណាំងទូកដែលមានតាំងពីយូរយារណាស់ហើយ។
សូមអរគុណសន្តិភាពដែលអនុញ្ញាតឱ្យកម្ពុជាអាចប្រារព្ធរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក អោយបានសប្បាយរីករាយបំផុត ។
តាមការបញ្ជាក់របស់គណៈកម្មការគ្រប់គ្រងទូកខេត្តក្រចេះបានអោយដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ ទូក ង ក្នុងខេត្តក្រចេះ សរុបចំនួន ២០ទូក បានមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក រួមមាន៖ ទូកគូរ ពិសេសមានចំនួន ៥ទូក និងទូកខ្នាតអន្តរជាតិចំនួន ១៥ទូក មានកីឡាករសរុបចំនួន ៧០៦នាក់ កីឡាករបំរុងចំនួន ២៦៨នាក់ សរុបកីឡាករទាំងអស់ចំនួន ៩៧៤នាក់។
-ស្រុកសំបូរចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក
-ស្រុកឆ្លូងចំនួន ៤ទូក ទូកគូរពិសេសចំនួន ២ទូក និងទូកខ្នាតអន្តរជាតិចំនួន ២ទូក
-ក្រុងក្រចេះចំនួន ២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិចំនួន ១ទូក
-ស្រុកព្រែកប្រសព្វចំនួន ១២ទូក ទូកគូរពិសេសចំនួន ១ទូក និងទូកខ្នាតអន្តរជាតិ ចំនួន ១១ទូក។
ជាការគាំទ្រ និងលើកទឹកចិត្តដល់គណៈកម្មការទូក និងបងប្អូនកីឡាករទូក លោក វ៉ា ថន អភិបាល នៃអភិបាលខេត្តក្រចេះ បានឧបត្ថម្ភដល់ទូក ង ទាំង ២០ទូក ក្នុងនោះទូកគូរពិសេសចំនួន ៥ទូក ក្នុង ១ទូកៗ ទទួលបាន ថវិកាចំនួន ៨.០០០.០០០ រៀល និងភេសជ្ជៈ ចំនួន ១៨កេស, ទូកខ្នាតអន្តរជាតិចំនួន ១៥ទូក ក្នុង ១ទូកៗ ថវិកាចំនួន ៤.០០០.០០០រៀល និងភេសជ្ជៈចំនួន ៨កេស សរុបជារួមថវិកាចំនួន ១០០.០០០.០០០ រៀល និងភេសជ្ជៈចំនួន ២១០ កេស។
សម្រាប់ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់ជូននូវ ឯកសណ្ឋានចំនួន ៣ ៥០០ កំប្លេ ដល់កីឡាករប្រណាំងទូកទាំងអស់ ដោយក្នុងម្នាក់ទទួលបាន មួក ខោ អាវ ៣ កំប្លេ បី ព័ណ៍សម្រាប់ពាក់ ប្រណាំង ៣ថ្ងៃ ។ ជាមួយនេះបានផ្តល់នូវថវិកាសរុបសទាំង ២០ទូក ចំនួន ៥៤លានរៀល អង្ករ ៧ ៥០០គីឡូ , មីជាតិ ២២៥កេស, ទឹកសុទ្ធ ៤៥០កេស, ភេសជ្ជៈ ៥៥៥កេស , ប៊ីចេង ១០០គីឡូ, ខ្ទឹម ១០០គីឡូ , ទឹកត្រី ៤០យួរ , ទឹកសុីអុីវ ៤០យួរ, ស្ករ ១០០គីឡូ , អំបិល ២០០គីឡូ, ម្រេច ២០គីឡូ ។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចូលរួមឧបត្តម្ភបន្ថែមដល់ ទូក ង ទាំងពីរមកពីស្រុកសំបូរ ខេត្តក្រចេះ ក្នុង១ ទូកទទួលបាន
អង្ករ , ទឹកត្រី ទឹក ស៊ីអ៊ីវ , មី, ស្ករស , អំបិល , រ៉ូឌី , ភេសជ្ជ និងថវិកា ១លានរៀល ។
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្តល់នូវនិងក្រម៉ាចំនូន ៣០០ និងថវិកា ២លារៀល ដល់កីឡាករចំណុះទូកចំនួនពីរមកពី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ៕
ដោយ ៖ សិលា