ខេត្តសៀមរាប៖ សពតារាសម្តែងជើងចាស់ អ្នកស្រី ឈុន ណារី វ័យ៦៥ឆ្នាំ ដែលបានស្លាប់កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ត្រូវបានក្រុមគ្រួសារសម្រេចចិត្តបូជានៅថ្ងៃសុក្រស្អែកទី១២ខែសីហានេះហើយ បន្ទាប់ពីក្រុមគ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំឲ្យបានសមរម្យ។
លោក ប្រាក់ ផាន់ ស្វាមីអ្នកស្រី ឈុន ណារី ដែលជាអតីតយុទ្ធជនចូលនិវត្តន៍ បានបញ្ជាក់ថា ភរិយាលោកបានធ្លាក់ខ្លួនឈឺរុំារ៉ៃដោយជំងឺទាចទឹកជាយូរមកនោះ ដោយសារជំងឺដែលមានសភាពរ៉ាំរ៉ៃនេះបានធ្វើឲ្យក្រុមគ្រួសារត្រូវចំណាយជាច្រើនលើការព្យាបាល និងថ្នាំសង្កូវ រហូតដល់ពេលនេះនៅជំពាក់គេមិនទាន់សងគ្រប់ផង។ លោកបញ្ជាក់ថា ក្រោយពីភរិយាស្លាប់គឺគ្មានបន្សល់អ្វីទេ ខណៈដែលការចំណាយការព្យាបាលលើភរិយាអស់រលីងពីខ្លួន។ លោកថា គ្រួសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយផ្សេងៗក្នុងពិធីបុណ្យទេគឺអាស្រ័យទៅលើបច្ច័យដែលញាតិមិត្តចូលរួម ។ លោកបញ្ជាក់ដែរថា ក្រុមគ្រួសារចង់ទុកសពធ្វើបុណ្យឆ្លងរហូតដល់ថ្ងៃសៅ ប៉ុន្តែ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ ខ្លាចក្រែងជំពាក់ប្រាក់គេកាន់តែច្រើនទើបសម្រេចបូជាសពភរិយានៅព្រឹកថ្ងៃសុក្រនៅក្នុងបរិវេនវត្តត្រាំនាគ សង្កាត់ស្លក្រាម ខេត្តសៀមរាប។ លោកបន្តថា បច្ចុប្បន្នលោក រំពឹងទៅលើកូនស្រីម្នាក់ដែលទើបនឹងបញ្ចប់ការសិក្សា និងបម្រើការងារនៅក្នុងសណ្ឋាគារមួយនៅខេត្តសៀមរាបប៉ុណ្ណោះ ខណៈលោកគឺជានិវត្តជន ដែលមិនអាចធ្វើការបានធ្ងន់ៗបានព្រោះតែគ្រាដែលលោកជាទាហានធ្លាប់រងរបួសគ្រាប់ ត្រូវវះកាត់ដេរពោះវៀននោះ។ លោកថាក្រោយរៀបចំពិធីបុណ្យមួយថ្ងៃក៏មានបច្ច័យពីខាងញាតិមិត្តជិតខាងមិត្តភក្តិមួយចំនួនដែលបច្ច័យទាំងនេះត្រូវបានលោកដកយកទៅចាត់ចែងជាបណ្តើរៗ ហើយអ្វីដែលលោកព្រួយបារម្ភ គឺក្រោយពីពិធីបុណ្យត្រូវបានបញ្ចប់។ លោកបញ្ជាក់ដែរថា ពិធីបុណ្យ៧ថ្ងៃនឹងមិនត្រូវប្រារព្វធំដុំទេគឺត្រឹមនិមន្តលោកសូត្រមន្ត ឬ ធ្វើចង្ហាន់ប្រគេនលោកជាការស្រេច។
លោករំពឹងដែរថា បណ្តាម្ចាស់ផលិតកម្ម និងសិល្បករមួយចំនួនដែលធ្លាប់បានសម្តែង និងស្គាល់ភរិយាលោកគឺអ្នកស្រី ឈុន ណារី ហៅយាយវ៉ិត នឹងចូលរួមចូលជាបច្ច័យក៏ដូចជាសម្រួលការលំបាករបស់ក្រុមគ្រួសារលោកផងដែរ។
គួរបញ្ជាក់ដែរថា អ្នកស្រី ឈុន ណារី ហៅយាយវ៉ិត បានប្រឡូកក្នុងអាជីពសម្តែងអស់រយៈពេល២០ឆ្នាំមកហើយ។ ការងារសិល្បៈនេះគឺសម្រាប់តែដូរបាយសម្រាប់ចម្អែកក្រពះមួយគ្រាប៉ុណ្ណោះ។ ជំងឺរបស់អ្នកស្រី បានចាប់ផ្ដើមធ្វើទុកខ្លាំងជិត១ឆ្នាំមកនេះ ជាមួយនោះ អ្នកស្រីបានទៅព្យាបាលពេទ្យជាច្រើនកន្លែង តែពេទ្យប្រាប់ថា មិនមានសង្ឃឹមឡើយ ត្បិតអីជំងឺនេះ បានចូលដល់ដំណាក់ការធ្ងន់ធ្ងរហើយ ។ក្នុងរយៈពេលជិត២០ឆ្នាំនេះ អ្នកស្រីសម្តែងខ្សែភាពយន្តមិនតិចជាង១០០រឿងទេដែលភាគច្រើនសម្តែងជាតួអង្គអ្នកបម្រើ មេដោះ និងតួផ្សេងៗទៀតតាមការតម្រូវរបស់អ្នកដឹកនាំ។ អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នអ្នកស្រីសម្តែងម្តងម្តាលប៉ុណ្ណោះដែលមុនពេលនេះអ្នកស្រីទើបនឹងបញ្ចប់ការសម្តែងរឿង“ស្ទឹងស្នេហា” “ឡូយ៩” និងរឿង”កុលាប៤ទង” ជាដើម។
ប្រសិនបើសប្បុរសជនដែលមានបំណងចង់ចូលរួមជួយដល់ក្រុមគ្រួសារតារាសម្ដែងជើងចាស់ម្នាក់នេះ អាចទាក់ទងទៅលេខទូរស័ព្ទលេខ 097 600 929 7 ៕
ដោយ៖ វឌ្ឍនា