ប្រសិនបើមានការផ្តួចផ្តើមពីលោក ដូណាល់ ត្រាំ ក្នុងការចរចាសន្តិភាព រុស្ស៊ីនឹងចូលរួម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៊ីបើកចំហចំពោះការចរចាស្តីពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រសិនបើមានការផ្តួចផ្តើមពីប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។

លោក Gennady Gatilov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបាននិយាយថា «លោក ដូណាល់ ត្រាំ បានសន្យាថានឹងដោះស្រាយវិបត្តិអ៊ុយក្រែនក្នុងពេលមួយថ្ងៃ។ អូខេ សូមឱ្យគាត់ព្យាយាម។ ប៉ុន្តែយើងជាមនុស្សប្រាកដនិយម ពិតណាស់យើងយល់ថា រឿងនេះនឹងមិនកើតឡើងទេ…ទោះជាយ៉ាងណា ប្រសិនបើគាត់ចាប់ផ្តើម ឬផ្តល់យោបល់អ្វីមួយដើម្បីចាប់ផ្តើមដំណើរការនយោបាយ វាជាការស្វាគមន៍»។
លោក ត្រាំ ធ្លាប់បានរិះគន់ចំនួនទឹកប្រាក់នៃជំនួយដែលលោកខាងលិចបានផ្តល់ឱ្យអ៊ុយក្រែន ហើយបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ ការជាប់ឆ្នោតរបស់លោកបានបង្កើតការព្រួយបារម្ភអំពីការថយចុះនៃការគាំទ្រពីសហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន នាពេលអនាគត។
រុស្ស៊ីបានបញ្ជាក់ថា ខ្លួនបើកចំហចំពោះការចរចា ប៉ុន្តែការចរចានោះត្រូវតែគោរពផលប្រយោជន៍របស់រុស្ស៊ី និងទទួលស្គាល់ការពិតនៅលើសមរភូមិ ដែលបង្ហាញពីការឈានទៅមុខរបស់កងទ័ពរុស្ស៊ី។ ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបដិសេធការផ្តល់សម្បទានណាមួយដល់រុស្ស៊ីនិងទាមទារឱ្យរុស្ស៊ី ដកទ័ពចេញពីទឹកដីអ៊ុយក្រែនទាំងអស់។
ការប្រកាសរបស់រុស្ស៊ីនេះបង្ហាញពីក្តីសង្ឃឹម ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនតាមរយៈការចរចា។ ទោះជាយ៉ាងណា ការចរចានោះអាចនឹងជួបប្រទះបញ្ហាប្រឈមជាច្រើន ដោយសារភាគីទាំងពីរនៅតែរក្សាជំហររៀងៗខ្លួន៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print