ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូ២គ្រឿង។
ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើទី១-ឈ្មោះម៉ូង មឿន អាយុ២៤ឆ្នាំ មានមុខរបរកម្មករសំណង់ ទី២-ឈ្មោះ ទិត្យ ឡុន អាយុ៣០ឆ្នាំ ទី៣-ឈ្មោះ ហើង នី អាយុ២៦ឆ្នាំ មានមុខរបរបុគ្គលិកក្រុមហ៊ុន គូបូតា ជនត្រូវជាប់សង្ស័យពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទាំង៣នាក់ ស្នាក់នៅការដ្ឋានសំណង់ភូមិកៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា និងទី៤-ឈ្មោះសាន់ វិជ្ជា អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោក ឯក សេរីវុធ អធិការរង នគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វាបានឲ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វាបានដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការនឹងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួន។
ជាក់ស្តែងនៅយប់មិញនេះ កម្លាំងនគរបាលយើងបាន បន្តល្បាតទើបប្រទះឃើញ បក្ខពួកមួយក្រុមជិះម៉ូតូ២គ្រឿង មានគ្នា៤នាក់ ដោយគួរឲ្យសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យ បានរកឃើញក្រាមពណ៌ថ្លា ជាប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកជាប់ខ្លួនត្រៀមយកទៅប្រើប្រាស់រួមគ្នា ទើបឈានដល់ការបង្ក្រាប និងឃាត់ខ្លួនតែម្ដង ដកហូតមធ្យោបាយធ្វើដំណើរ មានម៉ូតូចំនួន២គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង កំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ
...