វាយប្រហារគ្រាប់បែកនៅទួរគីស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

ការវាយប្រហារគ្រាប់បែកកើតឡើងនៅក្នុងប្រទេសទួរគីចំពេលដែលប្រទេសកំពុងធ្លាក់នៅក្នុងភាពចលាចលក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីពេលកន្លងមក។

ក្រុមបះបោរជនជាតិឃឺតទួរគីកាលពីថ្ងៃទី១០ ខែសីហា បានបើកការវាយប្រហារពីរលើកផ្សេងគ្នាទៅលើរថយន្តប៉ូលិសនៅភាគខាងកើតប្រទេសទួរគីបណ្តាលឲ្យប៉ូលិស៨នាក់ស្លាប់និងច្រើននាក់រងរបួស។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា កន្លែងវាយប្រហារគ្រាប់បែកស្ថិតនៅក្នុងស្រុក Kizitepe និងស្រុក Diyarbakir គឺជាតំបន់ដែលមានជនជាតិឃឺតភាគច្រើនរស់នៅ។ នៅក្នុងតំបន់ Kiziltepe មនុស្ស៣នាក់ស្លាប់ និង២៥នាក់រងរបួស។ ចំណែកនៅតំបន់ Diyarbakir មានមនុស្ស ៥នាក់ស្លាប់ និង១២នាក់រងរបួស។

ការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខទួរគីនិងក្រុមបះបោរជនជាតិឃឺតកើតឡើងកាលពីឆ្នាំ២០១៥ បានបំផ្លាញច្បាប់ឈប់បាញ់របស់ប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមកតំបន់ភាគខាងត្បូងទួរគី ក៏មានអំពើហិង្សាកើតឡើងជាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមក។

ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី១០ ខែសីហា បានកើតឡើងចំពេលដែលស្ថានភាពប្រទេសទួរគីស្ថិតនៅក្នុងគ្រាអាសន្នក្រោយរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃទី១៥ ខែកក្កដា ។

ប្រទេសទួរគីកំពុងប្រឈមនៅបញ្ហាជាច្រើនពីការវាយប្រហារភេរវកម្ម និងអសន្តិសុខនៅក្នុងសង្គម ក្រោយពេលដែលប្រធានាធិបតីទួរគីគ្រោងអនុវត្តច្បាប់ប្រហារជីវិត្តឡើងវិញ ក្រោយពេលបោះបង់ចោលជាច្រើនឆ្នាំកន្លងមក។ ប្រសិនបើទួរគីទទួលបានការគាំទ្រពីសភាដែលមានសម្លេងភាគច្រើនពីគណបក្សកាន់អំណាចនោះ មេទ័ពនិងទាហ៊ានជាច្រើនពាន់នាក់ត្រូវប្រហារជីវិត ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថានឹងអនុវត្តច្បាប់ប្រហារជីវិតឡើងវិញក្រោយពេលបោះបង់ចោលជាង១០ឆ្នាំកន្លងមក។

មានប្រសាសន៍នៅមុខមហាជនក្នុងតំបន់កំពង់ផែអីុស្តង់ប៊ុល ក្នុងមហាបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០៧ ខែសីហា លោកអ៊ែរដូហ្គាន បញ្ជាក់ថា លោកនឹងអនុវត្តច្បាប់ប្រហារជីវិតឡើងវិញក្រោយបោះបង់ចោលជាង១០ឆ្នាំកន្លងមក។ លោក អ៊ែរដូហ្គាន បានបញ្ជាក់ថា អ្នកដែលចូលរួមធ្វើរដ្ឋប្រហារ ១៨.០០០នាក់អាចនឹងត្រូវបាត់បង់ជីវិត។

ពលរដ្ឋប្រឆាំងនឹងការធ្វើរដ្ឋប្រហារបានប្រមូលផ្តុំគ្នានៅតំបន់ Yenikapi ក្នុងទីក្រុងអីុស្តង់ប៊ុល ដើម្បីបង្ហាញពីប្រទេសទួរគីឯកភាពក្រោយការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា ។ មានប្រសាសន៍ទៅកាន់ពលរដ្ឋ ប្រធានាធិបតី អ៊ែរដូហ្គាន បានបញ្ជាក់ថា លោកនឹងបោសសម្អាត់ក្រុមអ្នកគាំទ្រលោក Fethullah Gulen ជាមេខ្លោងរដ្ឋប្រហារកំពុងតែភៀសខ្លួននៅក្រៅប្រទេស។

លោក អ៊ែរដូហ្គាន បញ្ជាក់ថា លោកបានគាំទ្រដល់ពលរដ្ឋក្នុងការអនុវត្តច្បាប់ប្រហារជីវិតឡើងវិញ។ លោកបញ្ជាក់ថា លោកនឹងចុះហត្ថលេខាក្លាយជាច្បាប់ភ្លាមៗក្រោយរដ្ឋសភាអនុម័តនោះ។ ល្ងាចថ្ងៃអាទិត្យកន្លងទៅប្រជាជនទួរគីរាប់លាននាក់ត្រៀមធ្វើមហាបាតុកម្មនៅក្រុងអុីស្តង់ប៊ុលប្រឆាំងរដ្ឋប្រហារមិនបានសម្រេចកាលពីថ្ងៃ១៥ ខែកក្កដាកន្លងទៅ។ អាជ្ញាធរបានរៀបចំឲ្យមានមធ្យោបាយធ្វើដំណើរឥតគិតថ្លៃដល់ពលរដ្ឋគ្រប់រូបដែលចូលរួមបាតុកម្ម។ ប្រធានាធិបតី អ៊ែរដូហ្គាន បានអញ្ជើញបក្សប្រឆាំងជាតិជ្រុលនិយមដែលគាំទ្ររូបលោកឲ្យចូលរួមមហាបាតុកម្មនេះដែរ៕

1 2

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print