សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ​ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៨ពាន់នាក់​ នាព្រឹកនេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។

សូមជម្រាបជូនថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមាន​តួនាទី​ដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះ​បណ្តាល​និស្សិតសរុប ៦៤,៦៧៤នាក់ (ស្រី ២៥,៥២១នាក់) ក្នុងនោះនិស្សិតផ្នែក​អាហា​រូបករណ៍ចំនួន ២០,៨២៥នាក់ (ស្រី ៦,៨៣៣នាក់) និងនិស្សិតផ្នែកសិក្សាបង់​ថ្លៃមាន​ចំនួន ៤៣,៨៤៩នាក់ (ស្រី ១៨,៦៨៨នាក់)។

និសិ្សតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានចំនួន ២៩,៨១៩នាក់ (ស្រី ១៧,៧៥៣នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៣នាក់ (ស្រី ២៣៦នាក់)។

សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់​គ្នា ជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗទាំងក្នុងស្រុក និងបរទេសបាន​ចំនួន២២៣ ដើម្បីធ្វើការផ្លាស់ប្តូរ និស្សិត និងសាស្រ្តាចារ្យលើការងារសិក្សា ការងារ​បង្រៀន និងការងារស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែង នៃកម្មវិធីសិក្សានីមួយៗ។

សមិទ្ធផលការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានដូចខាងក្រោម៖
*១៖ បានរៀបចំគោលនយោបាយស្រាវជ្រាវច្បាស់លាស់ សម្រាប់បញ្ញាវន្តអនុវត្តប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ
*២៖ បានរៀបចំទស្សនាវដ្តីកម្រិតអន្តរជាតិចំនួន០២
*៣៖ បានបោះពុម្ពស្នាដៃស្រាវជ្រាវក្នុងប្រទេសបានចំនួន ១៧០អត្ថបទ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៤
*៤៖ បានបោះពុម្ពកម្រិតអន្តរជាតិនៅក្រៅប្រទេសបានចំនួន ៥២៣អត្ថបទ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០២៤
*៥៖ បានចូលរួមក្នុងកម្មវិធីសង្គមមួយចំនួនដូចជាៈ សកម្មភាពសប្បុរសធម៌កាក​បាទ​ក្រហម និងការផ្តល់សេវាសហគមន៍នានា តាមរយៈការបញ្ជូនយុវជនឱ្យ​ចូលរួមក្នុង​សកម្ម​ភាពសង្គមដូចជា ការបរិច្ចាគឈាម ការបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ ការបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងកម្មវិធីអង្គរសង្រ្កាន្ត។ល។

សមិទ្ធផលដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានចាប់ពីឆ្នាំ២០១៩ រួមមាន៖ អគារ STEM ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជាមានទំហំ ៦ ៧២០ ម៉ែត្រក្រឡា កម្ពស់ ៨ជាន់ ដោយចំណាយថវិកាអស់ ១៣,២១៩,៥៧៦,០០០ (ដប់បី​ប៊ី​លាន ពីររយដប់ប្រាំបួនលាន ប្រាំរយចិតសិបប្រាំមួយពាន់រៀលគត់) និងបានសម្ពោធ​ដាក់​​ឱ្យ​ប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ថវិកាសាងសង់មជ្ឈមណ្ឌលសូត្រកម្ពុជា​នៃសា​កល​វិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះបានធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងផលិតជាអំបោះសូត្រ ព្រមទាំងបានចែកចាយពងដង្កូវនាង និងបង្រៀនកសិករ​អំពី​ការ​ចិញ្ចឹមដង្កូវនាងផងដែរ។ កន្លងមកមជ្ឈមណ្ឌល ក៏បានចែកចាយពូជដង្កូវនាង​ដល់​ស្ថានីយស្រាវជ្រាវកសិកម្មស្រុកបន្ទាយដែក វិទ្យាស្ថានតម្បាញប្រពៃណីខ្មែរ ខេត្តសៀម​រាប សហគមន៍សូត្រស្រុកឱរ៉ាល់ជាដើម។

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយថវិកាសាងសង់អគារ «មជ្ឈមណ្ឌលជាតិ បណ្តុះធុរកិច្ចថ្មីនៃកម្ពុជា» ក្រោមគម្រោង «ការបង្កើតប្រព័ន្ធជំរុញពាណិជ្ជ​កម្មរវាង​សាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយអគារ​នេះ​បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអនុវត្តគម្រោងធំៗចំនួនពីរ៖ គម្រោងកែលម្អការអប់រំ​ឧត្តម​សិក្សាដែលមានទឹកប្រាក់ជាង ២៣លានដុល្លារអាមេរិក ផ្តោតទៅលើការរៀន និងបង្រៀន, ការស្រាវជ្រាវ និងការពង្រឹងស្ថាប័ន និងគម្រោងទេ្វភាគីស៊ុយ​អ៊ែត​-សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ដែលគម្រោង​នេះផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពផ្នែកស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធ ICT នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលអាចឱ្យ​សាកល​វិទ្យាល័យ​មានស្វ័យភាពក្នុងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងកិច្ចការស្រាវជ្រាវ។ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន៥រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្រ្ត មហា​វិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យា​ល័យ​វិស្វកម្ម មហាវិទ្យាល័យអប់រំ និងមានវិទ្យាស្ថានចំនួន២៖ វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ។ ទន្ទឹមគ្នានេះដែរ សាកល​វិទ្យាល័យភូមិន្ទភ្នំពេញ មានមជ្ឈមណ្ឌលចំនួន៤រួមមាន៖ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន (CJCC) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មជ្ឈ​មណ្ឌល​ផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) និងមជ្ឈមណ្ឌលជាតិបណ្តុះ​ធុរកិច្ច​ថ្មី​នៃកម្ពុជា (NICC)។ នាពេលខាងមុខនេះ សាកលវិទ្យាល័យមានគម្រោង​បើក​វិទ្យាស្ថាន​សិក្សាបរិស្ថាន ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល៣ ក្បែរវិមាន​ឈ្នះឈ្នះ ដែលទីតាំងនេះរាជរដ្ឋាភិបាលបានផ្តល់ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

គួរបញ្ជាក់ថា​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការកែ​ទម្រង់​ពីរធំៗគឺ៖
*១៖ ការកែលម្អកម្មវិធីសិក្សា ដើម្បីធានាថាការបង្រៀនមានគុណភាព និងបម្រើឱ្យសេចក្តី​ត្រូវការនៃទីផ្សារពលកម្មកម្ពុជា និងស្របតាមការ​អភិវឌ្ឍនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក្នុង​តំបន់ និងអន្តរជាតិ
*២៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរៀបចំយន្តការលើក​ទឹកចិត្តដល់អ្នក​ពាក់ព័ន្ធ​សំដៅធ្វើឱ្យសាកលវិទ្យាល័យជាកន្លែងសិក្សា ស្រាវជ្រាវប្រកបដោយគុណភាព និង​គុណតម្លៃរបស់ជាតិ។

លទ្ធផលដែលទទួលបានគួរជាទីមោទនៈនេះ គឺពិតជាបានមកពីការជួយជ្រោម​ជ្រែង​យ៉ាងយកចិត្តទុកដាក់ និងការគាំទ្រដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់រាជរដ្ឋាភិបាល ដែល​មានសម្តេចធិបតីនាយករដ្ឋមន្ត្រីជាប្រមុខដ៏ឈ្លាសវៃ។ ជានិច្ចកាល មន្រ្តីរាជការគ្រប់​លំដាប់​ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈគ្រប់គ្រង មន្ត្រីរាជការ និង​និស្សិតទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែនឹកឃើញនូវ​គុណូបការៈ​ដ៏ថ្លៃ​ថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ដ៏​ថ្លៃថ្លា និង​ឧបត្ថម្ភគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាក់ស្តែងអគារបណ្ណាល័យ ហ៊ុន សែន បច្ចុប្បន្ននេះមានអាយុកាល ២៦ឆ្នាំ (ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៩៧) និងបានក្លាយជា​បណ្ណាល័យដ៏ធំ និងឈានមុខគេនៅកម្ពុជា ដែលមានសៀវភៅជាង ១០ម៉ឺនក្បាល និង​ទស្សនាវដ្តីស្រាវជ្រាវជាអេឡិចត្រូនិកជាង ៧០០ចំណងជើង។ បណ្ណាល័យនេះ ជាទី​ពេញ​និយមរបស់សិស្ស និស្សិត អ្នកអាន និងអ្នកស្រាវជ្រាវ ទាំងខ្មែរ និងបរទេស ព្រម​ទាំង​មានលទ្ធភាពទទួលអ្នកអាន និងអ្នកស្រាវជ្រាវក្នុងពេលតែមួយបានជាង ៥០០ កន្លែង និងមានអ្នកប្រើប្រាស់ចន្លោះពី ៥០០នាក់ ទៅ ៧៥០នាក់ ក្នុងមួយថ្ងៃ។

ចំណែកឯខាងក្រោមបណ្ណាល័យវិញ អាចផ្តល់កន្លែងអង្គុយជាង ៣០០កន្លែងបន្ថែម​ទៀត ហើយសព្វថ្ងៃបណ្ណាល័យកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង​បណ្ណាល័យ​ទំនើប​ឈ្មោះថា អាល់ម៉ា និងព្រីម៉ូ (Alma & Primo) ដែលអ្នកប្រើប្រាស់អាចស្វែងយល់ និងរកឯកសារបានពីចម្ងាយ។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រាក់ខែយ៉ាងទៀងទាត់ចំនួន ១០លានរៀលក្នុង​មួយខែ ដល់បណ្ណារក្ស ដែលបំពេញការងារក្រៅម៉ោងធ្វើការនៅថ្ងៃសៅរ៍ ព្រមទាំង​ផ្គត់ផ្គង់​សម្ភារៈ ដែលជាតម្រូវការរបស់បណ្ណាល័យផងដែរ៕ដោយ ៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print