ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាលនិស្សិតសរុប ៦៤,៦៧៤នាក់ (ស្រី ២៥,៥២១នាក់) ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍ចំនួន ២០,៨២៥នាក់ (ស្រី ៦,៨៣៣នាក់) និងនិស្សិតផ្នែកសិក្សាបង់ថ្លៃមានចំនួន ៤៣,៨៤៩នាក់ (ស្រី ១៨,៦៨៨នាក់)។
និសិ្សតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានចំនួន ២៩,៨១៩នាក់ (ស្រី ១៧,៧៥៣នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៣នាក់ (ស្រី ២៣៦នាក់)។
សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗទាំងក្នុងស្រុក និងបរទេសបានចំនួន២២៣ ដើម្បីធ្វើការផ្លាស់ប្តូរ និស្សិត និងសាស្រ្តាចារ្យលើការងារសិក្សា ការងារបង្រៀន និងការងារស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែង នៃកម្មវិធីសិក្សានីមួយៗ។
សមិទ្ធផលការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានដូចខាងក្រោម៖
*១៖ បានរៀបចំគោលនយោបាយស្រាវជ្រាវច្បាស់លាស់ សម្រាប់បញ្ញាវន្តអនុវត្តប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ
*២៖ បានរៀបចំទស្សនាវដ្តីកម្រិតអន្តរជាតិចំនួន០២
*៣៖ បានបោះពុម្ពស្នាដៃស្រាវជ្រាវក្នុងប្រទេសបានចំនួន ១៧០អត្ថបទ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៤
*៤៖ បានបោះពុម្ពកម្រិតអន្តរជាតិនៅក្រៅប្រទេសបានចំនួន ៥២៣អត្ថបទ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ ២០២៤
*៥៖ បានចូលរួមក្នុងកម្មវិធីសង្គមមួយចំនួនដូចជាៈ សកម្មភាពសប្បុរសធម៌កាកបាទក្រហម និងការផ្តល់សេវាសហគមន៍នានា តាមរយៈការបញ្ជូនយុវជនឱ្យចូលរួមក្នុងសកម្មភាពសង្គមដូចជា ការបរិច្ចាគឈាម ការបណ្តុះបណ្តាលពីសុវត្ថិភាពចរាចរណ៍ ការបំបាត់អំពើហឹង្សាក្នុងគ្រួសារ និងកម្មវិធីអង្គរសង្រ្កាន្ត។ល។
សមិទ្ធផលដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានចាប់ពីឆ្នាំ២០១៩ រួមមាន៖ អគារ STEM ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលកម្ពុជាមានទំហំ ៦ ៧២០ ម៉ែត្រក្រឡា កម្ពស់ ៨ជាន់ ដោយចំណាយថវិកាអស់ ១៣,២១៩,៥៧៦,០០០ (ដប់បីប៊ីលាន ពីររយដប់ប្រាំបួនលាន ប្រាំរយចិតសិបប្រាំមួយពាន់រៀលគត់) និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។
ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ថវិកាសាងសង់មជ្ឈមណ្ឌលសូត្រកម្ពុជានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមណ្ឌលនេះបានធ្វើការស្រាវជ្រាវពីដើមមន ដង្កូវនាង និងផលិតជាអំបោះសូត្រ ព្រមទាំងបានចែកចាយពងដង្កូវនាង និងបង្រៀនកសិករអំពីការចិញ្ចឹមដង្កូវនាងផងដែរ។ កន្លងមកមជ្ឈមណ្ឌល ក៏បានចែកចាយពូជដង្កូវនាងដល់ស្ថានីយស្រាវជ្រាវកសិកម្មស្រុកបន្ទាយដែក វិទ្យាស្ថានតម្បាញប្រពៃណីខ្មែរ ខេត្តសៀមរាប សហគមន៍សូត្រស្រុកឱរ៉ាល់ជាដើម។
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានផ្តល់ជំនួយថវិកាសាងសង់អគារ «មជ្ឈមណ្ឌលជាតិ បណ្តុះធុរកិច្ចថ្មីនៃកម្ពុជា» ក្រោមគម្រោង «ការបង្កើតប្រព័ន្ធជំរុញពាណិជ្ជកម្មរវាងសាកលវិទ្យាល័យ និងឧស្សាហកម្មនៅកម្ពុជា» តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយអគារនេះបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានអនុវត្តគម្រោងធំៗចំនួនពីរ៖ គម្រោងកែលម្អការអប់រំឧត្តមសិក្សាដែលមានទឹកប្រាក់ជាង ២៣លានដុល្លារអាមេរិក ផ្តោតទៅលើការរៀន និងបង្រៀន, ការស្រាវជ្រាវ និងការពង្រឹងស្ថាប័ន និងគម្រោងទេ្វភាគីស៊ុយអ៊ែត-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ដែលគម្រោងនេះផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពផ្នែកស្រាវជ្រាវ និងហេដ្ឋារចនាសម្ព័ន្ធ ICT នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលអាចឱ្យសាកលវិទ្យាល័យមានស្វ័យភាពក្នុងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ និងកិច្ចការស្រាវជ្រាវ។ សាកលវិទ្យាល័យមានមហាវិទ្យាល័យចំនួន៥រួមមាន៖ មហាវិទ្យាល័យវិទ្យាសាស្រ្ត មហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យអប់រំ និងមានវិទ្យាស្ថានចំនួន២៖ វិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ។ ទន្ទឹមគ្នានេះដែរ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមជ្ឈមណ្ឌលចំនួន៤រួមមាន៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC)។ នាពេលខាងមុខនេះ សាកលវិទ្យាល័យមានគម្រោងបើកវិទ្យាស្ថានសិក្សាបរិស្ថាន ដែលមានទីតាំងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល៣ ក្បែរវិមានឈ្នះឈ្នះ ដែលទីតាំងនេះរាជរដ្ឋាភិបាលបានផ្តល់ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការកែទម្រង់ពីរធំៗគឺ៖
*១៖ ការកែលម្អកម្មវិធីសិក្សា ដើម្បីធានាថាការបង្រៀនមានគុណភាព និងបម្រើឱ្យសេចក្តីត្រូវការនៃទីផ្សារពលកម្មកម្ពុជា និងស្របតាមការអភិវឌ្ឍនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក្នុងតំបន់ និងអន្តរជាតិ
*២៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរៀបចំយន្តការលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធសំដៅធ្វើឱ្យសាកលវិទ្យាល័យជាកន្លែងសិក្សា ស្រាវជ្រាវប្រកបដោយគុណភាព និងគុណតម្លៃរបស់ជាតិ។
លទ្ធផលដែលទទួលបានគួរជាទីមោទនៈនេះ គឺពិតជាបានមកពីការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ និងការគាំទ្រដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីនាយករដ្ឋមន្ត្រីជាប្រមុខដ៏ឈ្លាសវៃ។ ជានិច្ចកាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈគ្រប់គ្រង មន្ត្រីរាជការ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែនឹកឃើញនូវគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ដ៏ថ្លៃថ្លា និងឧបត្ថម្ភគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជាក់ស្តែងអគារបណ្ណាល័យ ហ៊ុន សែន បច្ចុប្បន្ននេះមានអាយុកាល ២៦ឆ្នាំ (ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៩៧) និងបានក្លាយជាបណ្ណាល័យដ៏ធំ និងឈានមុខគេនៅកម្ពុជា ដែលមានសៀវភៅជាង ១០ម៉ឺនក្បាល និងទស្សនាវដ្តីស្រាវជ្រាវជាអេឡិចត្រូនិកជាង ៧០០ចំណងជើង។ បណ្ណាល័យនេះ ជាទីពេញនិយមរបស់សិស្ស និស្សិត អ្នកអាន និងអ្នកស្រាវជ្រាវ ទាំងខ្មែរ និងបរទេស ព្រមទាំងមានលទ្ធភាពទទួលអ្នកអាន និងអ្នកស្រាវជ្រាវក្នុងពេលតែមួយបានជាង ៥០០ កន្លែង និងមានអ្នកប្រើប្រាស់ចន្លោះពី ៥០០នាក់ ទៅ ៧៥០នាក់ ក្នុងមួយថ្ងៃ។
ចំណែកឯខាងក្រោមបណ្ណាល័យវិញ អាចផ្តល់កន្លែងអង្គុយជាង ៣០០កន្លែងបន្ថែមទៀត ហើយសព្វថ្ងៃបណ្ណាល័យកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យទំនើបឈ្មោះថា អាល់ម៉ា និងព្រីម៉ូ (Alma & Primo) ដែលអ្នកប្រើប្រាស់អាចស្វែងយល់ និងរកឯកសារបានពីចម្ងាយ។ បន្ថែមពីលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភប្រាក់ខែយ៉ាងទៀងទាត់ចំនួន ១០លានរៀលក្នុងមួយខែ ដល់បណ្ណារក្ស ដែលបំពេញការងារក្រៅម៉ោងធ្វើការនៅថ្ងៃសៅរ៍ ព្រមទាំងផ្គត់ផ្គង់សម្ភារៈ ដែលជាតម្រូវការរបស់បណ្ណាល័យផងដែរ៕ដោយ ៖តារា