ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានដូចខាងក្រោម៖
-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃទំាងពីរគណៈដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។
-សម្ដេចតេជោ ថ្លែងថា ការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗតែងតែមានជាប់ទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃគុណតម្លៃរួម នៃជីវិតរបស់មនុស្សនៅក្នុងសង្គមនីមួយៗ សកម្មភាពមនុស្សមានភាពទៀងត្រង់នឹងមានលក្ខណៈប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។
-សម្តេចតេជោ សម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោពេញដោយសុខដុរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នាននោះឡើយ។
-សម្តេចតេជោ ថ្លែងថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ។ ត្រង់ន័យនេះត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។
-សម្តេចតេជោ ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។
-សម្ដេចតេជោ ថ្លែងថា កត្តា២យ៉ាងធំៗដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង។
-សម្តេចតេជោ ថ្លែងបញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។
-សម្ដេចតេជោ ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។
-សម្ដេចតេជោ ថ្លែងថា ការបោះបង្គោលព្រំដែនជាមួយនឹងឡាវបានចំនួន ៨៦ភាគរយ ជាមួយវៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញ ងាយយល់។
-សម្ដេចតេជោ ថ្លែងថា ក្រុមជ្រុលនិយមនៅកម្ពុជាជាក្រុមជ្រុលនិយមមិនធម្មតាដែលទាមទារឲ្យធ្វើច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
-សម្ដេចតេជោ ថ្លែងអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។
-សម្ដេចតេជោ ថ្លែងស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យកែតម្រូវឡើងវិញលើការរៀបចំមន្ត្រីសង្ឃគង់ឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ នៅក្នុងពិធីផ្លូវការនានា។
-សម្ដេចតេជោ ថ្លែងឱ្យពិនិត្យពិចារណាលើការរៀបចំចេតិយ ដោយរកដីនៅកន្លែងណាមួយដើម្បីរៀបចំជាកន្លែងទុកឱ្យប្រជាពលរដ្ឋសាងសង់ធ្វើចេតិយ ដើម្បីបញ្ជៀសកំណើនធ្វើចេតិយនៅក្នុងវត្ត។
-សម្ដេចតេជោ បានស្នើដល់ក្រសួងធម្មការសាសនាគួរបណ្ដុះបណ្ដាលអាចារ្យដើម្បីស្នងអាចារ្យដោយសព្វថ្ងៃនេះមានវិបត្តិខ្វះអាចារ្យ។ ជាពិសេសតាមទីវត្តអារាមនីមួយៗអាចទទួលការបណ្ដុះបណ្ដាលអាចារ្យស្នងបាន។
-សម្ដេចតេជោ ស្នើសុំព្រះតេជគុណ ហាក់ សៀងហៃ បន្តចែករំលែក បង្រៀនផ្នែកអក្សរសាស្ត្រថែមទៀត ដើម្បីគុណប្រយោជន៍ក្នុងវិស័យអប់រំ ជាពិសេសចំពោះពាក្យ «ដែរ»និង«ដែល» ជាពាក្យដែលកូនខ្មែរមួយចំនួនកំពុងប្រើប្រាស់ខុស៕ដោយ៖តារា