ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ហ៊ុន សែន នាឱកាស​អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣២។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃទំាងពីរគណៈដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។

-សម្ដេចតេជោ ថ្លែងថា​ ការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗតែងតែមានជាប់ទាក់ទងទៅនឹងប្រពៃណីទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃគុណតម្លៃរួម នៃជីវិតរបស់មនុស្សនៅក្នុងសង្គមនីមួយៗ សកម្មភាពមនុស្សមានភាពទៀងត្រង់នឹងមានលក្ខណៈប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

-សម្តេចតេជោ សម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោពេញដោយសុខដុរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នាននោះឡើយ។

-សម្តេចតេជោ ថ្លែងថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ។ ត្រង់ន័យនេះត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។

-សម្តេចតេជោ ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។

-សម្ដេចតេជោ ថ្លែងថា​ កត្តា២យ៉ាងធំៗដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនគឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង។

-សម្តេចតេជោ ថ្លែង​បញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

-សម្ដេចតេជោ ថ្លែងថា​ ការបោះបង្គោលព្រំដែនជាមួយនឹងឡាវបានចំនួន ៨៦ភាគរយ ជាមួយវៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញ ងាយយល់។

-សម្ដេចតេជោ ថ្លែងថា​ ក្រុមជ្រុលនិយមនៅកម្ពុជាជាក្រុមជ្រុលនិយមមិនធម្មតាដែលទាមទារឲ្យធ្វើច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។

-សម្ដេចតេជោ ថ្លែង​ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យកែតម្រូវឡើងវិញលើការរៀបចំមន្ត្រីសង្ឃគង់ឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ នៅក្នុងពិធីផ្លូវការនានា។

-សម្ដេចតេជោ ថ្លែងឱ្យពិនិត្យពិចារណាលើការរៀបចំចេតិយ ដោយរកដីនៅកន្លែងណាមួយដើម្បីរៀបចំជាកន្លែងទុកឱ្យប្រជាពលរដ្ឋសាងសង់ធ្វើចេតិយ ដើម្បីបញ្ជៀសកំណើនធ្វើចេតិយនៅក្នុងវត្ត។

-សម្ដេចតេជោ បានស្នើដល់ក្រសួងធម្មការសាសនាគួរបណ្ដុះបណ្ដាលអាចារ្យដើម្បីស្នងអាចារ្យដោយសព្វថ្ងៃនេះមានវិបត្តិខ្វះអាចារ្យ។ ជាពិសេសតាមទីវត្តអារាមនីមួយៗអាចទទួលការបណ្ដុះបណ្ដាលអាចារ្យស្នងបាន។

...

-សម្ដេចតេជោ ស្នើសុំព្រះតេជគុណ ហាក់ សៀងហៃ បន្តចែករំលែក បង្រៀនផ្នែកអក្សរសាស្ត្រថែមទៀត ដើម្បីគុណប្រយោជន៍ក្នុងវិស័យអប់រំ ជាពិសេសចំពោះពាក្យ «ដែរ»និង«ដែល» ជាពាក្យដែលកូនខ្មែរមួយចំនួនកំពុងប្រើប្រាស់ខុស៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print