ខេត្តរតនគិរី៖ ផ្ទះចំនួន៤០ខ្នង ស្ថិតក្នុងភូមិ៣វាលឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដែលរាជរដ្ឋាភិបាលបានបែងចែក ព្រមទាំងដីសម្បទានសង្គមកិច្ចជូនដល់គ្រួសារ អតីតយុទ្ធជន យោធិនចូលនិវឌ្ឍន៍ គ្រួសារយុទ្ធជនបាត់បង់សមត្ថភាព ពលីពិការ ជិតមួយឆ្នាំកន្លងមកហើយនោះ គ្មានអ្នកទៅរស់នៅគ្រាដែលផ្ទះទាំងអស់នោះកំពុងរងនូវខ្យល់ភ្លៀង ប៉ើងដំបូល ប្រឈម និងការពុកផុយ ទ្រុឌទ្រោម ដោយសារគ្មានមនុស្សរស់នៅថែរក្សារ។
លោកខាំ ផាយ អតីតយុទ្ធជន និងនិតិសម្បទា នៃកងកម្លាំងប្រដាប់អាវុធបានសារទរចំពោះអំណោយដ៏ថ្លៃថ្លានេះព្រោះ នេះជាក្តីសង្ឃឹមចុងក្រោយសម្រាប់ដោះស្រាយជីវភាព និងជីវិតចុងក្រោយរបស់ពួកគាត់។ លោកថា ក្រោយពេលដែលរាជរដ្ឋាភិបាល បានបែងចែកហើយគ្មានអ្នកទៅរស់នៅនោះ ដោយសារទីនោះជាកន្លែងស្ងាត់ ឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយពី ឃុំ-ស្រុក ពិបាកក្នុងការបង្ករបង្កើនផល ពិសេសនោះគឺគ្មានភ្លើង គ្មានសាលារៀន គ្មានមន្ទីរពេទ្យ កត្តាទាំងនេះហើយ ទើបមិនសូវមានមនុស្សទៅរស់នៅ ។ លោក យើង ណុល អតីតយុទ្ធជនបានអោយដឹងដែរថា ដោយសារតែខ្វះមធ្យោបាយធ្វើដំណើរ ហើយបើទៅរស់នៅទីនោះកូនចៅមិនអាចចូលរៀនសូត្របានទេ ជាមួយគ្នានេះដែរលោកបានសំណូមពរទៅរាជរដ្ឋាភិបាល សុំអោយអាជ្ញាធរថ្នាក់ខេត្តជួយសម្រួល ដល់ទីតាំងដីសម្បទានសង្គមកិច្ចខាងលើនេះអោយមានភ្លើងប្រើ មានមណ្ឌលសុខភាព សាលារៀន និងផ្សារតូចមួយផងដែរ ដើម្បីងាយស្រួលពួកគាត់ទៅរស់នៅ។
ឧត្តមសេនីយត្រី ខាំ សុគ មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងខេត្តរតនគិរី និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តរតនគីរី បានមានប្រសាសន៍ថា គ្រួសារអតីតយុទ្ធជនចំនួន៤០គ្រួសារ ក្នុងចំណោម៣០៣គ្រួសារ ទទួលបានដីផ្ទះសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ហើយមិនបានទៅរស់នៅ។ លោកថាលោកនិងហៅគ្រួសារអតីតយុទ្ធជនទាំង៤០គ្រួសារមកណែនាំ អោយពួកគាត់ចូលរស់នៅកាន់កាប់ថែរក្សាផ្ទះសម្បែង និងបង្កបង្កើនផលដើម្បីចិញ្ជឹមជីវិត ហើយបើអ្នកណាមិនមករស់នៅទេក្នុងរយៈ៥ឆ្នាំទេរដ្ឋនិងដកហូតវិញ។
សូមបញ្ជាក់ថា ផ្ទះដីសម្បទានសង្គមកិច្ចដែលរាជរដ្ឋាភិបាល បានបែងចែកជូនគ្រួសារអតីតយុទ្ធជននោះមានចំនួន៤០ខ្នង ដែលមានទំហំផ្ទៃដី៤០គុណ៥០មែត្រ ទំហំផ្ទះ៥គុណ៧មែត្រ ព្រមទាំងដីចំនួន២ហិចតា សំរាប់ប្រកបរបរ កសិកម្មបង្ករបង្កើនផលថែមទៀតផង។ ជាចុងក្រោយគ្រួសារអតីតយុទ្ធជនដែលទទួលបានដីផ្ទះនៅតំបន់ដាច់ស្រយាលនោះបាននិយាយថា បើសិនជាមានសាលារៀន មណ្ឌលសុខភាព កូនផ្សារតូចមួយ ភ្លើងសម្រាប់ប្រើប្រាស់ ពួកគាត់និងមករស់នៅភ្លាម៕
ដោយ៖ វុទ្ធឦសាន្ត