ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មិនត្រូវរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក។
ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦៤ បានចែងថា ជនណាដែលបានរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។
ជាក់ស្ដែងយោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦២ បានចែងថា៖ ជនណាដែលបានធ្វើនាវាចរណ៍ដោយក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីនាវាសញ្ជាតិ ខ្មែរស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល។
ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏ធ្លាប់បានអំពាវនាវឱ្យបងប្អូនសូមបើកបរដោយប្រុងប្រយ័ត្ននៅលើផ្លូវឡើងចំណោតខ្ពស់ ឬផ្លូវតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់!
យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៧ បានចែងថា៖ អ្នកប្រើប្រាស់ផ្លូវថ្នល់ក្នុងពេលទៅដល់កំពង់ចម្លង ឬផ្លូវឡើងចំណោតខ្ពស់ ឬផ្លូវតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវគោរពតាមការបញ្ជារបស់ភ្នាក់ងារកំពង់ចម្លង ឬភ្នាក់ងារសុវត្ថិភាពដែលប្រចាំការនៅតាមគោលដៅ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕ ដោយ៖តារា