មិនត្រូវរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មិនត្រូវរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក។

ក្រសួង​សាធារណការ​​ បានបញ្ជាក់ថា​ យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦៤ បានចែងថា ជនណាដែលបានរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់នាវាចរណ៍នៅតាមផ្លូវទឹក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ២ (ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២ ០០០ ០០០ (ពីរលាន) រៀល ទៅ៨ ០០០ ០០០ (ប្រាំបីលាន) រៀល។

គួររម្លឹកដែរថា​ កាលពីពេលថ្មីៗនេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបង្ហាញ​ពីការក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីត្រឹមត្រូវ នឹងត្រូវផ្តន្ទាទោសតាមច្បាប់។

ជាក់ស្ដែង​យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៦២ បានចែងថា៖ ជនណាដែលបានធ្វើនាវាចរណ៍ដោយក្លែងបន្លំជានាវាសញ្ជាតិខ្មែរ ដោយមិនបានចុះបញ្ជីនាវាសញ្ជាតិ ខ្មែរស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យ ជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល។

ជាមួយគ្នានោះ​ ក្រសួង​សាធារណការ​ ក៏​ធ្លាប់​បាន​អំពាវនាវឱ្យ​បងប្អូន​សូមបើកបរដោយប្រុងប្រយ័ត្ននៅលើផ្លូវឡើងចំណោតខ្ពស់ ឬផ្លូវតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់!

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៧ បានចែងថា៖ អ្នកប្រើប្រាស់ផ្លូវថ្នល់ក្នុងពេលទៅដល់កំពង់ចម្លង ឬផ្លូវឡើងចំណោតខ្ពស់ ឬផ្លូវតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវគោរពតាមការបញ្ជារបស់ភ្នាក់ងារកំពង់ចម្លង ឬភ្នាក់ងារសុវត្ថិភាពដែលប្រចាំការនៅតាមគោលដៅ។

...

ដូច្នេះ​សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន បើកបរប្រកបដោយការប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print