តុលាការបង់ក្លាដែសបានកាត់ទោសឧក្រិត្តកម្មសង្គ្រាម នៅក្នុងសង្គ្រាមជាមួយប៉ាគីស្ថានកាលពីឆ្នាំ១៩៧១ ទើបតែបានបញ្ចប់ ដោយលទ្ធផលអតីតតំណាងរាស្ត្រមួយរូបរបស់បង់ក្លាដែសត្រូវកាត់ទោសប្រហារជីវិត និង៧នាក់ទៀតត្រូវជាប់គុកមួយជីវិត។
លោក Sakhawat Hossain អតីតសមាជីករដ្ឋសភាមកពីគណបក្ស Jamaat e islami ត្រូវកាត់ទោសប្រហារជីវិតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នេះ ។ លោក Sakhawat Hossain ក៏មានវត្តមាននៅក្នុងតុលាការដើម្បីស្តាប់ការសម្រេចផងដែរ។
លោក Sakhawat Hossain ជាបុគ្គលយ៉ាងសំខាន់នៅក្នុងអង្គការអ៊ិស្លាម Chhatra Sangha នៅពេលនោះ ជាក្រុមយុវជនរបស់បក្ស Jamaat e islami ហើយត្រូវបានកាត់ទោសពីបទចូលរួមជួយដល់កម្លាំងទាហ៊ានប៉ាគីស្ថានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។
លោក Hossein ក្រោយមកបានចាកចេញពីគណបក្ស Jamaat e islami ហើយទៅចូលរួមជាមួយគណបក្សសង្គមនិយមប្រជាជនបង់ក្លាដែសដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Khaleda Zia ។ នៅក្នុងពេលតុលាការបើកសាវនាកាលោក Hossein ជាសមាជិកគណបក្ស Jatiya ដឹកនាំដោយមេផ្តាច់ការ H.M Ershad ។ មេធាវីរបស់លោក Hossein បានបញ្ចាក់ថានឹងបន្តតវាទៅលើសេចក្តីសម្រេចខាងលើរបស់តុលារ។
រដ្ឋាភិបាលបង់ក្លាដែសបានចោទប្រកាន់កម្លាំងទាហ៊ានប៉ាគីស្ថាន ក្រោមការជួយជ្រោមជ្រែងពីមនុស្សមួយចំនួននៅក្នុងតំបន់បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង ៣លាននាក់ និងរំលោភបំពាន់លើស្ត្រីជាង ២សែននាក់នៅឆ្នាំ១៩៧១ ។
នាយករដ្ឋមន្ត្រី Sheikh Hasina បានចេញបញ្ចាឲ្យតាមចាប់ខ្លួនអ្នកដែលរួមដៃឲ្យទាហ៊ានប៉ាគីស្ថាន ។ នៅពេលនេះមានមនុស្សជាង ២០នាក់ត្រូវបានកាត់ទោស ក្នុងនោះមាន ៥នាក់ជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស Jamaat e islami ត្រូវកាត់ទោសប្រហារជីវិត។
គណបក្ស Jamaat e islami បានប្រកាសប្រឆាំងបង់ក្លាដែស ប្រកាសឯករាជចេញពីប្រទេសប៉ាគីស្ថាននៅឆ្នាំ១៩៧១ ហើយបានបង្កើតកម្លាំងប្រដាប់អាវុធជួយដល់ទាហ៊ានប៉ាគីស្ថានចាប់ខ្លួនអ្នកស្នេហាជាតិទាមទាឯករាជ្យ៕
ប្រែសម្រួល៖ ម៉ែវ សាធី