ភ្នំពេញ៖ វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើនឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។
មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុងតំណែងជានាយករដ្ឋមន្ត្រី គឺបានដោះស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង។ កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចបវរធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះកាត់, ២/ មានយន្តការច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំងអស់ត្រូវអនុវត្តដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម និងបានជួយដល់វិស័យឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និងស្រុះគ្នា។
បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់គោលការណ៍លើកទឹកចិត្ត និងណែនាំដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យរ៉ែឱ្យកាន់តែមានការរីកចម្រើន ដែលរួមមានជាអាទិ៍៖ ១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បីចងក្រងផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវបន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅទាក់ទាញការវិនិយោគបន្ថែម។ ២/ ត្រូវពិនិត្យមើលទីតាំងដែលមានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញាបណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។ ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្មរ៉ែដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ និង ៤/ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាពនិយោជិតកម្មករ, ពង្រឹងការត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការដ្ឋានអាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការយកចិត្តទុកដាក់ ព្រមទាំងផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវិស័យថាមពលរបស់ក្រសួងរ៉ែ និងថាមពល ដូចជា៖ ១/ ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និងគ្រប់ទីកន្លែង, ២/ ផ្អែកលើនិន្នាការសកល និងការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យថាមពលបច្ចុប្បន្ន, ៣/ ទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល និង ៤/ ការផ្គត់ផ្គង់ថាមពលមួយដែលមានថ្លៃសមរម្យ ស្ថិរភាព និងសមធម៌។ ព្រមជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីប្រធានបទនៃតំបន់ត្រួតស៊ីគ្នានៃធនធានប្រេងរវាងកម្ពុជា និងថៃ (OCA) ដោយបញ្ជាក់ថាការចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញ ទៅមក, បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជាដែលមិនអាចខ្វះបាន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមអ្នកនយោបាយកុំយករឿងនយោបាយ មកទម្លាក់ចូលក្នុងបច្ចេកទេស ដែលមិនបានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ ករណីព្រំដែនទឹកកម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាព ណាមួយនោះទេ៕ដោយ៖តារា