ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌឺមៀពូទីន បានចោទប្រកាន់អ៊ុយក្រែន ថា បានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងបតំបន់ស្វាយ័ត្នគ្រីមៀ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការប៉ុនប៉ងវាយប្រហារភេរវកម្មធ្វើឡើងដោយក្រុមចារកម្មអ៊ុយក្រែន។
បន្ទាប់ពីទទួលបានព័ត៌មានចារកម្មពីក្រុមចារកិច្ចរុស្ស៊ី FSB ស្តីពីគម្រោងវាយប្រហារនៅគ្រីមៀ ប្រធានាធបិតីរុស្ស៊ីលោកពូទីន បញ្ចាក់ថា ទីក្រុងគីវកំពុងតែ «លេងល្បែងគ្រោះថ្នាក់» ពេលប្រើប្រាស់យុទ្ធសាស្ត្រនៃក្រុមភេរវនិយម ជំនួសដំណោះស្រាយសន្តិភាព។ លោកពូទីន ចាត់ទុកសកម្មភាពខាងលើជារឿងខុសច្បាប់ និងជាអំពើល្ងង់ខ្លៅបំផុត។
ប្រធានាធិបតីរុស្ស៊ីបញ្ចាក់ទៀតថា ទីក្រុងមូស្កូ មិនអាចបិទភ្នែកធ្វើប្រងើយចំពោះការលះបង់របស់ទាហ៊ានរុស្ស៊ីក្នុងការទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
ចំពោះការចោទប្រកាន់ពីប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានបញ្ចាក់ថា អ៊ុយក្រែន បានដើរតាមដំណោះស្រាយកិច្ចការបរទេសនិងសន្តិវិធី ហើយបានចោទប្រកាន់តបវិញថា រុស្ស៊ីកំពុងតែបង្ករឲ្យមានភាពតានតឹងជាថ្មីនៅក្នុងតំបន់។
រយៈពេលកន្លងមកថ្មីៗទាំងរុស្ស៊ី និងអ៊ុយក្រែនបានបង្កើតការដាក់ពង្រាយកម្លាំងទាហ៊ាន អាវុធទំនើបៗនៅព្រំដែនប្រទេសទាំងពីរ ដែលជាសញ្ញាមួយនៃការត្រៀមលក្ខណធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ៕
ប្រែសម្រួល៖ ម៉ែវ សាធី