ភ្នំពេញ÷ តាមការគ្រោងទុក នៅម៉ោង ៨:០០នាទីព្រឹក បេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ជាច្រើនរូបទៀត។
សូមជម្រាបជូនថា បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ២ប្រភេទ៖ (១) វិញ្ញាសាសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង (២)វិញ្ញសាពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច៕