អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលប្រាង្គលេខ៧ នៃប្រាសាទបាគង ដោយជោគជ័យ

ចែករំលែក៖

ខេត្តសៀមរាប÷ ប្រាសាទប្រាង្គលេខ៧ ស្ថិតនៅខាងជើងប្រាង្គកណ្តាលនៃប្រាសាទបាគង ក្នុងកំពែងទី១ មានកម្ពស់១៤.៥០ម៉ែត្រ ទទឹង ៧.៤០ម៉ែត្រ ដែលអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលនៅក្នុងដំណាក់កាលទី២ តាំងពីខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបញ្ចប់ដោយជោគជ័យហើយ។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា នៅដំណាក់កាលទី២នេះ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គឥដ្ឋលេខ៧នេះនៅផ្នែកខាងត្បូង ខាងជើង និងខាងលិច ដែលរងការខូចខាតខ្លាំងចាប់ពីគ្រឹះជណ្តើររហូតដល់កំពូល និងប្រើក្រវ៉ាត់ដែកការពារបន្ថែមនៅផ្នែកកំពូលផង ដែលបានធ្វើឱ្យប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញ។

អ្នកជំនាញរូបនេះ បន្តថា មុនជួសជុលប្រាង្គទី៧នេះ មានសភាពខូចខាតខ្លាំង គឺចាប់ពីរួតទី១ដល់រួតទី៥ នៅតាមជ្រុងនីមួយៗបានពុកផុយ ឥដ្ឋមួយចំនួនបានរលុះធ្លាក់។ តួប្រាសាទប្រេះចាប់ពីគ្រឹះដល់កំពូលប្រាសាទ និងជណ្ដើរទាំង៣ជ្រុងបានរលុះឥដ្ឋ ហើយថ្មភក់កាំជណ្តើរធ្លាក់រប៉ាត់រប៉ាយមិនមានសណ្តាប់ធ្នាប់ជាដើម។ ការខូចខាត គឺបណ្តាលមកពីកត្ដាអាយុកាលជាង១ពាន់ឆ្នាំនៃសំណង់ កត្តាធម្មជាតិ ដែលអាកាសធាតុក្តៅសើម អំណោយផលដល់ស្លែ និងរុក្ខជាតិដុះ ដែលបង្ករហានិភ័យដល់ប្រាសាទឥដ្ឋធ្ងន់ធ្ងរ។

...

លោក គឹមហួល បញ្ជាក់ដោយទឹកមុខរំភើបថា ក្រោយពីបញ្ចប់ការងារជួសជុល ប្រាង្គលេខ៧ មានភាពរឹងមាំឡើងវិញហើយ ចៀសផុតពីហានិភ័យ ដោយអាជ្ញាធរជាតិអប្សរា បានសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា រក្សានូវសុវត្ថិភាពដល់ប្រាសាទ និងភ្ញៀវទេសចរដែលមកទស្សនា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print