ភ្នំពេញ: ប្ដីចេញទៅធ្វើការងារនៅឯខេត្ត បង្កឱកាសល្អសម្រាប់ប្រពន្ធណាត់ប្រុសថ្មីមកដេកដល់ក្នុងបន្ទប់ជួល តែដោយមានការសង្ស័យប្តីក៏ត្រឡប់មកផ្ទះជួលវិញឃើញប្រពន្ធនៅជាមួយប្រុសស្នេហ៍បានយកដែកហាលខោអាវខ្ទាស់ចងទ្វារខាងក្រៅរួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍។
ហេតុការណ៍នេះដែរបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ស្ថិតនៅផ្ទះជួលក្នុងភូមិព្រៃល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្ដីបានឱ្យដឹងថា នៅមុនពេលកេីតហេតុគាត់បានចេញពីប្រពន្ធទៅធ្វើការងារនៅឯខេត្តទេីបបាន៣ថ្ងៃប៉ុណ្ណោះ ដោយមានការសង្ស័យនៅម៉ោង៣ទៀបភ្លឺក៏ត្រឡប់ពីខេត្តមកវិញស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងតែនៅជាមួយប្រុសថ្មី។ ឃើញដូច្នេះហើយក៏បានយកដែកហាលខោអាវខ្ទាស់ចងទ្វារខាងក្រៅរួចហើយបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានអោយជួយអន្តរាគមន៍។ នៅពេលនោះផងដែរកម្លាំងសមត្ថកិច្ចបានចុះទៅដល់បន្ទប់ជួលរួចហើយធ្វើការឃាត់ខ្លួនប្រុសស្នេហ៍នាំមកប៉ុស្តិ៍ភ្លាមៗតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ស្រ្ដីខាងលើបានមានទំនាក់ទំនងគ្នាជាមួយនឹងប្រុសថ្មីទើបបាន១ខែទេក៏ខាងប្រុសបានទិញបាយឆាយកមកអោយខាងស្រីហូបដល់បន្ទប់នៅវេលាម៉ោង១០យប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ រួចហើយអ្នកទាំងពីរបានដេកនៅជាមួយគ្នា ស្រាប់តែប្ដីមកទាន់តែម្ដង។ ប្រភពពីភាគីខាងប្រពន្ធបានបញ្ជាក់ថា ពួកគាត់ទាំងពីរនាក់បានស្រលាញ់គ្នាទាំងដែលប្ដីមិនទាន់លែងលះគ្នាជាមួយនឹងប្រពន្ធមុនដាច់ស្រេចនោះទេហេីយបានត្រឹមតែសែនព្រេនចាស់ទុំដឹងឮ តែមិនទាន់បានចុះអេតាសុីវិលនៅឡើយទេរួចក៏នៅជាមួយគ្នាតែម្ដង ដោយសារតែមួយរយៈចុងក្រោយនេះមានរឿងរកាំរកូសនឹងគ្នាទេីបខាងស្រីសម្រេចចិត្តចាកចេញពីប្ដីដេីម្បីស្វែងរកអនាគតថ្មីពីព្រោះខ្លាចប្ដីធ្វើបាបបន្តទៀត។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់សួរនាំដោយអ្នកទាំងពីរបានសម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួន ហើយសមត្ថកិច្ចបានឱ្យសាមីខ្លួនទាំងពីរនាក់ទៅលែងលះគ្នានៅស្រុកកំណើតដើម្បីបញ្ចប់រឿង។ ចំណែកខាងប្រុសស្នេហ៍វិញបានឲ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ ជ្រោយពេជ្រ